ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ដែលមានវិបត្តិផ្លូវចិត្ត បានរត់មកលោតទឹកសម្លាប់ខ្លួន នៅទឹកទន្លេមុខវត្តអង្គដង្កា បណ្ដាលឲ្យស្លាប់ភ្លាម ក្រោយមកត្រូវបានអ្នកនេសាទជនជាតិចាមរកឃើញ។
ហេតុការនេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង ៣០នាទីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ នៅមុខព្រះអង្គដង្ការ នៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់រត់កង់បី បានឲ្យដឹងថាមុនពេលកើតហេតុ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ គឺមានស្ត្រីជនជាតិចិនម្នាក់ ដែលរត់មកបុកស្មារបស់គាត់ ហើយគាត់ក៏មិនចាប់អារម្មណ៍គាត់ ក៏អង្គុយលេងបន្តទៀត តែងាកក្រោយមើលទៅ ឃើញជនជាតិចិនម្នាក់នោះ ឈរជក់បារីនៅមុខមាត់ទន្លេ ក្រោយពីជក់បារីអស់ស្ត្រីជនជាតិចិននោះ លោតទឹកសម្លាប់ខ្លួនតែម្ដង គាត់ក៏បានស្រែកអោយគេជួយ តែជួយពុំទាន់ឡើយ។
តាមប្រភពព័ត៌មានដដែល បានបន្តអោយដឹងទៀតថា ក្រោយពីគាត់ស្រែកដើម្បីឱ្យមានគេជួយ ស្រាប់តែខណៈនោះ មានមិត្តភក្កិរបស់នារីរងគ្រោះ រត់តាមពីក្រោយពីរបីនាក់ ក៏បានជួលឱ្យអ្នកនេសាទស្វែងរកនារី ដែលលោតទឹកសម្លាប់ខ្លួនក៏ឃើញ តែអកុសល នារីរងគ្រោះបាត់បង់ជីវិតបាត់ទៅហើយ។
នគរបាលប៉ុស្តិ៍ជ័យជំនះ បានអោយដឹងថាក្រោយពីនាំមិត្តភក្កិរបស់ជនរងគ្រោះ ដែលស្លាប់បានមកសាកសួរទើបដឹងរឿង មូលហេតុនៃការស្លាប់ របស់ស្ត្រីជនជាតិចិននោះ គឺកើតឡើងដោយសារតែ ជនរងគ្រោះមានជម្លោះ ជាមួយនឹងសង្សារនៅខុនដូមួយកន្លែង រួចក៏រត់មកលោតទឹកសម្លាប់ខ្លួនតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចយកសាកសពទៅតម្កល់ នៅវត្តស្ទឹងមានជ័យ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល