ប៉ៃលិន៖ ក្រោយពីជំនន់ទឹកភ្លៀង បានវាយប្រហារមកលើប្រទេសកម្ពុជា ក៏ដូចជាខេត្តប៉ៃលិន កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ធ្វើឱ្យទទួលរងផលប៉ះពាល់ដល់ភូមិជាច្រើន នៅស្រុកសាលា ក្រៅ ជាពិសេសបានបំផ្លិចបំផ្លាញដំណាំ ដាំដុះអស់ជាច្រើន និង ធ្វើឱ្យប្រជាពលរដ្ឋខ្វះខាតអាហារទទួលទាន ទើបឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា ផ្តល់អំណោយដល់អាជ្ញាធរ ខេត្តប៉ៃលិន ដើម្បីចែកជូនជាស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ។
ការប្រគល់អំណោយនេះ បានធ្វើឡើងនៅថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ រហូតមកដល់ពេលនេះ អំណោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា បានប្រគល់ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន តាមរយៈលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តប៉ៃលិន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមតម្រូវការជាក់ស្តែង ក្នុងខេត្តប៉ៃលិន។
ប្រភពបន្តទៀតថា អំណោយឧបត្ថម្ភរួមមាន៖ ទឹកសុទ្ធ៨០០កេស ទឹកក្រូច១០០កេស ថ្នាំប៉ារ៉ាសេតាម៉ុល១០កេះ ថ្នាំមុលទីវីតាមីន១០កេះ ត្រីខកំប៉ុង ៣០០កេះធំ មី៣០០កេះធំ៕