More

    គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ  ប្រគល់សម្ភារបរិក្ខារ និងស្បៀងជូនដល់ខេត្តប៉ៃលិន  សម្រាប់ចែកពលរដ្ឋរងគ្រោះដោយទឹកជំនន់

    spot_img

    ប៉ៃលិន៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈលោក គីម វីរៈ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានប្រគល់សម្ភារៈបរិក្ខារមួយចំនួន សម្រាប់ការងារសង្គ្រោះប្រជាពលរដ្ឋ ជូនដល់គណៈកម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តប៉ៃលិន។

    លោក គីម វីរៈ បានមានប្រសាសន៍បញ្ជាក់ថា៖ ឆ្លងតាមការចុះពិនិត្យជាក់ស្តែង និងមានសំណើពី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបន្តយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ តួយ៉ាងដូចពេលនេះមានទូកជម្លៀសចំនួន ១០គ្រឿង ឃីតសម្រាប់ជូនដល់ប្រជាពលរដ្ឋចំនួន ៧៥០ ទៀតផងដែរ ដោយក្នុងឃីតនីមួយៗមានអង្ករ ១០ គីឡូក្រាម ត្រីខ ១ យួរ និងមី ១ កេស។

    លោក គីម វីរៈ បាននាំមកនូវបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថា៖ ការចែកជំនួយដល់ប្រជាពលរដ្ឋនាពេលនេះ គឺជាការបំពេញបន្ថែមពីលើជំនួយ ដែលបានពីប្រភពនានាកន្លងមក ដើម្បីដោះស្រាយជាបន្តបន្ទាប់ តាមដំណាក់កាលនៃគ្រោះមហន្តរាយ ហើយក៏ជាការសម្របសម្រួល និងបំពេញគ្នាទៅវិញទៅមកឈរលើស្មារតី ផលប្រយោជន៍ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះជាកត្តាស្នូល ដូច្នេះជាការចាំបាច់ណាស់ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមសម្របសម្រួល ក្នុងការចែកជូនស្បៀងជូនប្រជាពលរដ្ឋរងគ្រោះនេះ ជៀសវាងការផ្តល់ជំនួយជាន់គ្នាតាមទីកន្លែង និងអ្នកទទួលផល ដែលនាំឱ្យបាត់បង់ផលប្រយោជន៍ របស់អ្នករងគ្រោះផ្សេងទៀត ដែលកំពុងត្រូវការជំនួយ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាល និងមិនអាចជម្លៀសមកទីទួលសុវត្ថិភាពបាន។

    នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍ថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងយកចិត្តទុក្ខដាក់ដោះស្រាយ ជាបន្ទាន់រាល់ពេល មានគ្រោះមហន្តរាយម្តងៗ។

    សូមបញ្ជាក់ថា៖ នាពេលថ្មីៗកន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រគល់សម្ភារៈបរិក្ខារមួយចំនួន ដូចជា៖ អាវពោងចំនួន ៥០០ និងតង់ចំនួន ៥០០ ដែលប្រគល់បន្ថែមពីលើស្បៀងអាហារ និងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត សម្រាប់ឱ្យ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន បន្តចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃមកនេះផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img