More

    សម្តេចធិបតី ផ្តល់អនុសាសន៍ណែនាំដល់ភាគីពាក់ព័ន្ធសម្រាប់អនុវត្តន៍ ដើម្បីជំរុញឱ្យការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ប្រព្រឹត្តទៅបានជោគជ័យនិងមានប្រសិទ្ធភាព

    spot_img

    កោះកុង÷ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថា ប័ន និងភាគីពាក់ព័ន្ធសម្រាប់អនុវត្តន៍ដើម្បីជំរុញឱ្យការសាងសង់ទំនប់វារី អគ្គិសនីស្ទឹងតាតៃលើប្រព្រឹត្តទៅបានជោគជ័យនិងមានប្រសិទ្ធភាព ជាពិសេសមានការបែងចែកផលលាភជូនដល់ប្រជា ជននៅតាមមូលដ្ឋាន ប្រកបដោយបរិយាប័ន្ន ។

    ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្ត កោះកុង នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ត្រូវយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ ចំពោះការគ្រប់គ្រងកិច្ចដំណើរការនៃការ សាងសង់រោងចក្រវារីអគ្គិសនី ស្របទៅតាមបទដ្ឋានបច្ចេកទេស ឱ្យបានប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ហើយជៀសវាងកុំអោយមានបច្ច័យអាក្រក់ណាមួយ ដែលអាចបង្កទៅជាផលប៉ះពាល់ដល់បរិស្ថាន និងមនុស្សជាតិ។

    សម្តេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា ÷ សហការឱ្យបានជាប់ជាប្រចាំជាមួយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរដែនដីខេត្តកោះកុង, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យគម្រោងនេះដំណើរការទៅបានដោយរលូន ។

    « គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តនូវកិច្ចសហការល្អជាមួយក្រសួងរ៉ែនិងថាមពល ជំរុញការអនុវត្តគម្រោងផ្សេងៗទៀត ដូចជា គម្រោងវារីអគ្គិសនី គម្រោងខ្សែបញ្ជូនថាមពល និងគម្រោងអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ ជាដើម ដើម្បីធ្វើឱ្យប្រទេសយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មានថ្លៃសមរម្យ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយស្ថិរភាព ឯករាជ្យភាព នឹងឈានទៅដល់ការធ្វើពាណិជ្ជកម្មអគ្គិសនី ជាមួយប្រទេសជិតខាងនិងប្រទេសក្នុងតំបន់នោះដែរ » ។

    ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅក្នុងវិស័យ ថាមពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីជាដើម។ ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យលើកកម្ពស់ និងផ្សព្វ ផ្សាយឱ្យមានការយល់ដឹងជាសាធារណៈ និងការចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img