(ឧត្តរមានជ័យ)ប្រជាពលរដ្ធរងគ្រោះប្រមាណជាសែសិបគ្រួសារតំណាងឲ្យ៨ភូមិ ប្រមូលផ្តុំគ្នាតវ៉ាស្នើអាជ្ញាធរពាក់ព័ន្ធជួយ រកដំណោះស្រាយចំពោះ ពួកគាត់បានបង់ប្រាក់ទៅឲ្យ សមាគម មូលនិធិទ្រទ្រង់សហគមន៍កម្ពុជាចាប់តាំងពីអំឡុងឆ្នាំ២០២០រហូតមកដល់ឆ្នាំ២០២៣ទើបដឹងថា ពេលគ្រួសារស្លាប់ អត់បានប្រាក់មកធ្វើបុណ្យ ហើយបែកធ្លាយ ថាចាញ់បោកគេក្នុងម្នាក់ៗអស់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ អ្នកខ្លះអស់ចាប់ពី៤០មុឺន រហូតូដល់៦០មុឺនក្នុង១គ្រួសារចុងក្រោយនាំគ្នាបានត្រឹមតែទទួលប័ណ្ណលឿង១សន្លឹកដើររអ៊ូរទាំស្រែកយំឡាំប៉ាពេញភូមិ ។
ជាក់ស្ដែងនៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៣ព្រឹកមិញនេះបន្ទាប់ពីមានការជួបជុំយ៉ាងច្រើនកុះករនៅផ្ទះប្រជាពលរដ្ធមួយកន្លែង ក្នុងភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយមកក៏មានអាជ្ញាធរសង្កាត់ ក្រុងសំរោងចុះមកសម្របសម្រួលនិងស្រង់ ទិន្នន័យឲ្យបានជាក់លាក់ ដើម្បីរកដំណោះស្រាយជូនពួកគាត់ថាតើការចំណាយប្រាក់របស់ពួកគាត់ ចាញ់បោក ទៅសហគមន៍ខាងលើពិតប្រាកដឬក៏យ៉ាងណានោះ។
ទាក់ទិននឹងករណីនេះលោកលឿងណុច ចៅសង្កាត់កូនក្រៀលបានលើកឡើងថា ចំពោះការបង់ប្រាក់រវាងបងប្អូនប្រជាពលរដ្ធជាមួយសហគមន៏ ខាងសង្កាត់ពុំបានដឹងនោះ ទើបតែនៅព្រឹកនេះផ្ទាល់ ក៏ទទួលបានពត៌មានថា មានការប្រមូលផ្តុំគ្នា ក្នុងភូមិ ក៏លោកចុះមកសួរនាំ ហើយកន្លងមកលោកបានឃើញសមាគមន៏មូលនិធិទ្រទ្រង់សហគមន៏កម្ពុជានេះបានឲ្យអាជ្ញាធរជួយទទួលប្រគល់ថវិកាទៅឲ្យបងប្អូនប្រជារដ្ឋដែលបានបង់ជិវិតស្ថិតនៅសង្កាត់កូនក្រៀល។
លោកចៅសង្កាត់បន្តថា មូលហេតុដែលពលរដ្ធនាំគ្នាបង់ប្រាក់ទៅឲ្យខាងសហគមន៏ តាមលោកដឹងមកពីពួកគាត់ឃើញមានប្រជាពលរដ្ឋរស់នៅក្នុងភូមិតាម៉ានម្នាក់ ឈ្មោះអំ ឈន់ ពេលស្លាប់ទៅបានទទួលថវិការហូតដល់ទៅ២៣,៦១៧,៦០០រៀលដូចនេះក៏សង្កេតឃើញថាពួកគាត់នាំគ្នា បង់លុយទៅឲ្យសហគមន៍មូលនិធិទ្រទ្រង់សហគមន៏កម្ពុជាយ៉ាងភ្លូកទឹកភ្លូកដីម្នាក់ៗតែម្តង ហើយមួយវិញទៀតពេលខាងសហគមន៏មួយនេះចុះផ្សព្វផ្សាយទទួលប្រាក់ពីប្រជាពលរដ្ធក៏មិនមានការផ្តល់ព័ត៌មានមកខាងអាជ្ញាធរសង្កាត់ដែរ។
លោក រិនសាគរ អភិបាលរងក្រុងសំរោង បន្ទាប់ពីមានការចង្អុរបង្ហាញពីឯកឧត្តមអ៊ុនសុភ័ក្ត្រ អភិបាលរងខេត្ត បានចាត់ឲ្យលោកចុះមកពិនិត្យដោយផ្ទាល់ ហើយឲ្យអាជ្ញាធរសង្កាត់កូនក្រៀលស្រង់ទិន្នន័យឈ្មោះបញ្ជាក់ឲ្យច្បាស់លាស់ថាតើអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រួសារជនរងគ្រោះប៉ុន្មាននាក់ ដែលមិនបានទទួលថវិការពីសហគមន៏ខាងលើហើយចំនួនអ្នករងគ្រោះឲ្យបានពិតប្រាកដហើយនឹងពិភាក្សាលើរឿងនេះ នឹងរាយការណ៏ជូនទៅថ្នាក់លើដើម្បីហៅភាគីពាក់ព័ន្ធទាំងសងខាងមកចូលធ្វើការដោះស្រាយតែម្តង។
ដោយឡែកបើតាមប្រភពការអះអាងពីបងប្អូន ពលរដ្ឋម្នាក់ឈ្មោះវ៉នពិសិដ្ឋតំណាងឲ្យប្រជាពលរដ្ឋប្រាំបីភូមិបានលើកឡើងថាពួកគាត់បានបង់លុយទៅឲ្យបុគ្គលឈ្មោះប៊ុនណាត ជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បំរើការងារនៅស្នងការខេត្តឧត្តរមានជ័យហើយកន្លងមក លោកបានទំនាក់ទំនងទៅបុគ្គលខាងលើក៏ប៉ុន្តែគេបានតបមកវិញថា ចាំរាយការណ៍ជូនទៅថ្នាក់លើសិនតាំងពីពេលនឹងមកពុំបាន ដោះស្រាយជូនពួកគាត់ទេរហូតមកដល់សព្វថ្ងៃនេះហើយក៏ពួតគាត់ពុំចង់បានអ្វីនោះទេគ្រាន់តែខាងសហគមន៏ប្រគល់សំណងត្រឡប់មកពួកគាត់វិញប៉ុណ្ណោះ។
បើតាមការឲ្យដឹងពីមន្ត្រីជំនាញរដ្ធក្រុងសំរោងបានបញ្ជាក់យ៉ាងខ្លីថា សហគមន៏មូលនិធិទ្រទ្រង់សហគមន៏កម្ពុជា នៅឆ្នាំ២០២២ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីបាត់ទៅហើយដោយសង្កេតឃើញថាមានភាពមិនប្រក្រតី។
គួររំលឹកថា ប្រជាពលរដ្ធដែលរងគ្រោះហើយនាំគ្នាអះអាងថាចាញ់បោកបានបង់លុយឲ្យទៅសហគមន៏មូលនិធិទ្រទ្រង់សហគមន៏កម្ពុជាតាំងពី២០២០មកដល់ឆ្នាំ២០២៣នេះស្ថិតនៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានចំនួន៨ភូមិ ទី១ភូមិខ្ទុម ទី២ភូមិតាម៉ាន ទី៣ភូមិដីថ្មី ទី៤ភូមិថ្នល់បត់ ទី៥ភូមិចំប៉ាសុខ ទី៦ភូមិឈើក្រំ ទី៧ភូមិគោកចាន់រី ទី៨ភូមិគោកអំពិល។
សូមបញ្ជាក់ផងដែរថាក្រោយពីមានការប្រមូលផ្តុុំគ្នារួចមកអាជ្ញាធរបានសម្រួលឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញសិន ដោយឡែកបុគ្គលឈ្មោះប៊ុនណាក់ ដែលប្រជាពលរដ្ឋបានអះអាងថាបានប្រមូលលុយពីពួកគាត់នោះក្រុមការងារពត៌មានបានព្យាយាមខលទូរស័ព្ទទៅដើម្បីសុំការឆ្លើយបំភ្លឺជុំវិញករណីនេះតែខលមិនចូល។ឈឹម.កុសល។