កោះកុង÷ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានចេញ សេចក្តីជូនដំណឹង ស្ដីពីការផ្ដល់កន្លែងស្នាក់នៅ ជូនដល់សិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។
រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹង ដល់មាតាបិតា អាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស ដែលនឹងត្រូវចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ជ្រាបថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានត្រៀមលក្ខណៈជួយសម្រួលផ្ដល់កន្លែងស្នាក់នៅ ជូនដល់ប្អូនៗសិក្សានុសិស្ស មាតាបិតា អាណា ព្យាបាល ដែលអញ្ជើញមកពីបណ្ដាលស្រុកក្នុងខេត្តកោះកុង ដែលមានការខ្វះខាត បានស្នាក់នៅដោយឥតគិតថ្លៃនៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត កោះកុង (ក្នុងភូមិ១ សង្កាត់ស្មាច់ មាន ជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង)។ សូមមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដែលមានបំណងស្នាក់នៅទីតាំងខាងលើដោយឥតគិតថ្លៃ សូមធ្វើ ការទំនាក់ទំនងតាមរយៈលេខទូរសព្ទ÷ ០១៦ ៣២៩ ៧៨៧, ០៩៧ ៨២៧ ១០៤៤។
សូមជម្រាបជូនដល់ក្មួយៗសិក្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ៦នេះ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្ត កោះកុង សូមលើកទឹកចិត្តដល់ប្អូនៗ និងក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រឡង ដោយយកចំណេះដឹង សមត្ថភាពផ្ទាល់ខ្លួន ជាមូលដ្ឋាន ដោយមិនត្រូវពឹង ផ្អែកលើការលួចចម្លងពីសំដៅឯកសារផ្សេងៗ ឬការលួចចម្លងពីរអ្នកដទៃនោះឡើយ។
ជាមួយគ្នានេះដែរ លោកជំទាវអភិបាល ខេត្ត សូមអំពាវនាវដល់មាតាបិតា អាណា ព្យាបាលសិស្សគ្រប់រូប សូមជួយណែនាំកូន ចៅ របស់ខ្លួនឲ្យយកអស់សមត្ថភាពក្នុងការប្រឡងនេះ ដោយត្រូវគោរពបទ បញ្ជាផ្ទៃក្នុង និងគោលការណ៍ណែនាំនានាសម្រាប់ការប្រឡង ហើយមិនត្រូវចាញ់ឧបាយកលទុច្ចរិត្ត របស់ជនខិលខូចមួយចំនួនពាក់ព័ន្ធនឹងការរត់ការក្នុងការប្រឡងជាដាច់ខាត។
ហើយដើម្បីឆ្លើយតបនិងការខិតខំសិក្សារៀនសូត្ររបស់ក្មួយៗ លោកជំទាវ មិថុនាភូថង អភិបាលខេត្តកោះកុង និងផ្ដល់ថវិកាលើកទឹកចិត្តដល់ប្អូនៗ និងក្មួយៗ
សិក្សានុសិស្សណាដែលប្រឡងជាប់និទ្ទេស A ក្នុងម្នាក់ៗចំនួន ៤,០០០,០០០៛(បួនលានរៀលគត់)៕ ដោយ ញុឹប សន