សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យបណ្ដាញព័ត៌មានដឹងនៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការនគរបាលខេត្តព្រះសីហនុបានស្រាវជ្រាវបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស(លួចឆក់)ប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះក្រោយពីទទួលបានពាក្យបណ្ដឹងពីមានបុរសជនជាតិចិន ០១ នាក់ បានមកប្ដឹងថា មានជនសង្ស័យចំនួន ០២ នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិខ្មែរ ពាក់អាវ ពណ៌ខ្មៅ ទាំង ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda dream ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន រួចបើករត់គេចខ្លួនបាត់តែម្ដងនៅចំណុចម្ដុំចំកាស្ពៃ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។
សមត្ថកិច្ចជំនាញបានបន្ថែមទៀតថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរួចឯកឧត្តមសេនីយ៍ឯកស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចាត់ឱ្យកម្លាំងជំនាញចុះប្រតិបត្តិការបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រកមុខសញ្ញាជនសង្ស័យឱ្យខានតែបាន ក្រោយពីទទួលបានបទបញ្ជាដម៉ឺងម៉ាត់នេះភ្លាម កម្លាំងការិយាល័យនគរបាលប្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង ០០នាទី ទើបឃាតបានជនសង្ស័យចំនួន ០៥ នាក់ ជនជាតិខ្មែរ និងជិះម៉ូតូ ០៣គ្រឿង ម៉ាក ហុងដាសេ១២៥ ០១គ្រឿង មានផ្លាកលេខ រីឯ ០២គ្រឿងទៀត គ្មានផ្លាកលេខ ចំណុចផ្លូវស្ថាននីយ៍ប្រេងឥន្ធនៈ TOTAL អូរទី៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នាំយកមកការិយាល័យនគរបាលព្រហ្មទណ្ឌក្រិតស្រាល ដើម្បីធ្វើការសាកសួរ ។
ក្រោយការសាកសួរ ជនសង្ស័យទាំង ០៥នាក់ បានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់)ពិតប្រាកដមែន។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ LIN YUANYI ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន មុខរបរ អ្នកបើកសណ្ឋាគារ ស្នាក់ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។
+សម្ភារបាត់បង់មាន៖
-កាបូប ០១ ម៉ាក LV ក្នុងនោះមានលុយដុល្លាចំនួន ២០០,០០០$(ពីរសែនដុល្លាអាមេរិក) ។
ចំណែកជនសង្ស័យចំនួន ០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឆែ ប៊ុនណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅភូមិ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ដន សុគីម ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងប្តូរប្រេងម៉ាស៊ីន ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ខុន ប៊ុនរ៉ុង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូប ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ពឿន ចាន់វាស្នា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ចូនម្ហូប ស្នាក់នៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ អ៊ុំ សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនម្ហូប ស្នាក់នៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបានជាក់ស្តែងមាន៖
-ម៉ូតូ១គ្រឿងម៉ាក សង់សេរីឆ្នាំ២០២៣ ពណ៌ស គ្មានស្លាកលេខ មានលេខតួ ND125NE- 0083950 ។
-ម៉ូតូ១គ្រឿងម៉ាក សង់សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ កំពត1M-6768 មានលេខតួ5312469 ។
-ម៉ូតូមួយគ្រឿងម៉ាក សង់សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ0078223 ។
-ទូរសព្ទ័ម៉ាក iphone7 ពណ៌ខ្មៅ ១គ្រឿង ។
-ទូរសព្ទ័ម៉ាក iphone 7plus ពណ៌ខ្មៅ ១គ្រឿង ។
-ទូរសព្ទ័ម៉ាកiphone 13 pro ពណ៌ខៀវ ១គ្រឿង ។
-ទូរសព្ទ័ម៉ាក iphone 12 ពណ៌ទឹកមាស ១គ្រឿង ។
-នាឡិការ ១គ្រឿង ពណ៌ទឹកមាស កាបូបពណ៌ខ្មៅចំនួន២។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថាបច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ ។