(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីធ្លាយបំពង់ឧស្ម័នអាល់ម៉ូញាក់ ក្នុងរោងចក្រផលិតទឹកកក យីហោ «លោកស្រី ឈាង មួ» ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ក្រុមទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈាង ប៉ោ អាយុ៥៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។
ក្នុងហេតុការណ៍នេះ បណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរ ទីតាំងកើតហេតុ ចំនួន២៣នាក់ ស្រី១៧នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។ ក្នុងនោះ មន្ទីរពេទ្យកាល់ម៉ែត ចំនួន៤នាក់ ស្រី៣នាក់ (ស្ថានភាពធ្ងន់) និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ចំនួន១៩នាក់ (ស្ថានភាពស្រាល)។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និងព្យាបាល។
នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរត្រួតពិនិត្យ ទីតាំងរោងចក្រផលិតទឹកកកដើម និងទឹកកកអនាម័យ ព្រមទាំងធ្វើកំណត់ហេតុ ជាមួយម្ចាស់ទីតាំងខាងលើ ដោយក្នុងនោះរួមមាន៖
* ម្ចាស់ទីតាំង ស្វែងរកទីតាំងរោងចក្រផលិតទឹកកន្លែងផ្សេង ដោយមិនអនុញ្ញាតឲ្យនៅក្បែរបងប្អូនប្រជាពលរដ្ឋនោះទេ
* ចំពោះទីតាំងរោងចក្រផលិតទឹកកកដើម និងទឹកកកអនាម័យ ប្រសិនបើមានការបែកធ្លាយអាម៉ូញាក់ជាលើកទី២ ម្តងទៀត អាជ្ញាធរនឹងសម្រេចបិទរោងចក្រនេះតែម្តង
* ក្នុងនោះ ម្ចាស់ទីតាំង ត្រូវធ្វីការចេញថ្លៃព្យាបាលអ្នករងគ្រោះដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
ក្រោយពីមន្ត្រីជំនាញបានធ្វើការពិនិត្យរួចរាល់មក អាជ្ញាធរពាក់ព័ន្ធបានសម្រេចផ្អាកទីតាំងរោងចក្រផលិតទឹកកកដើម និងទឹកកកអនាម័យជាបណ្ដោះអាសន្ន ដើម្បីឲ្យម្ចាស់ទីតាំងរៀបចំហើយបានត្រូវតាមស្តង់ដារ លក្ខណៈបច្ចេកទេសរបស់មន្ត្រីជំនាញ៕