More

    អត្រាជំងឺគ្រុនចាញ់ខេត្តកំពង់ស្ពឺធ្លាក់ចុះ និងឈានទៅរកការលុបបំបាត់ទាំងស្រុង

    spot_img

    កំពង់ស្ពឺ៖ បើទោះបីជាជំងឺគ្រុនចាញ់ នៅទូទាំងខេត្តកំពង់ស្ពឺមានចំនួនប្រមាណជា ៣០០ ករណី ចាប់ពីខែមេសា- ឧសភា និងខែមិថុនា តែបានថយចុះយ៉ាងកំហុក ចាប់តាំងពីខែកក្កដា-សីហា និងខែកញ្ញា នៅសល់ត្រឹមតែ ២០ករណីតែប៉ុណ្ណោះ។ ហើយនៅបំណាច់ឆ្នាំ ២០២០នេះ ខេត្តកំពង់ស្ពឺ នឹងអាចលុបបំបាត់បានទាំងស្រុង នូវជំងឺគ្រុនចាញ់នេះ ស្របតាមផែនការទិសដៅថ្នាក់ជាតិ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំបែបនេះ គ្រាដែលលោកជំទាវ បានអញ្ជើញដឹកនាំ ប្រតិភូក្រសួងសុខាភិបាល និងប្រតិភូអង្គការសង្គមស៊ីវិល ជាច្រើនរូបទៀតដោយមានវត្តមានលោកស្រី វេជ្ជបណ្ឌិត LI AILAN ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា(WHO) បានអញ្ជើញទស្សនកិច្ចស្វែងយល់ ជម្ងឺគ្រុនចាញ់រយៈពេលពីរថ្ងៃ នៅក្នុងខេត្តកំពង់ស្ពឺ នៅតាមតំបន់ប្រឈមជំងឺគ្រុនចាញ់ ថ្ងៃទី ០១ និងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០។

    លោកជំទាវបានបន្តទៀតថា យោងតាមភាពជាក់ស្ដែងដោយលោកជំទាវ និងប្រតិភូបានឃើញផ្ទាល់ភ្នែក ចំពោះសកម្មភាពក្រុមគ្រូពេទ្យជំនាញគ្រុនចាញ់ ដែលពួកគាត់បានយកចិត្តទុកដាក់ និងអនុវត្តការងារជំនាញរបស់ខ្លួន បានយ៉ាងល្អប្រសើរ នៅតាមបណ្ដាមណ្ឌលសុខភាពនានា ដែលជាតំបន់ប្រឈម នឹងជំងឺគ្រុនចាញ់របស់ខេត្តកំពង់ស្ពឺ។

    លោកជំទាវ និងប្រតិភូក៏បានស្ដាប់នូវការប្ដេជ្ញាចិត្តរបស់ ក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរខេត្ត ស្រុក ឃុំ និងអ្នកស្ម័គ្រចិត្ត ហើយពិសេស គឺប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរអាស្រ័យផល អនុផលព្រៃឈើ ដោយពួកគាត់ ប្ដេជ្ញាថា នឹងយកមុងលក់ថ្នាំតាមខ្លួន នៅពេលយប់សម្រាន្តក្នុងមុង និងលាបថ្នាំការពារមូសខ្លាញីខាំ នៅពេលដែលពួកគាត់ ចូលព្រៃរកអនុផលព្រៃឈើ។ ចំពោះអ្នកស្ម័គ្រចិត្តភូមិវិញពួកគាត់ប្ដេជ្ញាចិត្ត នឹងបន្តចុះអប់រំណែនាំ ទៅដល់ខ្នងផ្ទះ ដែលមានសមាជិកចូលព្រៃ ដើម្បីអាស្រ័យផលអនុផលព្រៃឈើផងដែរ។

    លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងផងដែរថា÷ ជម្ងឺគ្រុនចាញ់អត់មានកើតឡើង នៅក្នុងមូលដ្ឋានដែលប្រជាពលរដ្ឋកំពុងរស់នៅនោះទេ តែមានជំងឺគ្រុនចាញ់នាំចូល។ បានន័យថា វិជ្ជមានមេរោគគ្រុនចាញ់ ក្រោយអំពីជួសឈាមវិន្និច្ឆ័យស្វែងរក ប្រភេទជំងឺគ្រុនចាញ់ នៅពេលដែលពួកគាត់ចេញពីក្នុងព្រៃ ហើយត្រឡប់ចូលភូមិដ្ឋាន របស់គាត់វិញតែប៉ុណ្ណោះ។

    លោកស្រី វេជ្ជបណ្ឌិត Li AiLan ប្រធានអង្គការសុខភាពពិភពលោក (WHO) ក្រោយដំណើរទស្សនកិច្ចអង្កេត ស្វែងយល់ជម្ងឺគ្រុនចាញ់រយៈពេលពីរថ្ងៃ នៅក្នុងតំបន់ប្រឈមនានា ក្នុងខេត្តកំពង់ស្ពឺ។ លោកស្រី បានថ្លែងកោតសរសើរចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ដែលខិតខំចែក មុងជ្រលក់ថ្នាំ-ថ្នាំលាប-ថ្នាំអាប៊ែត ទៅដល់ប្រជាពលរដ្ឋ។ ដោយក្រុមគ្រូពេទ្យ បានលះបង់អស់ពីកម្លាំងកាយចិត្ត វិជ្ជាជីវៈ ព្រមទាំងមានការចូលរួមសហការ ពីសំណាក់អាជ្ញាធរគ្រប់កំរិត ទាំងនេះហើយទើបធ្វើឱ្យលោកស្រី មានជំនឿយ៉ាងមុតមាំថា÷ ខេត្តកំពង់ស្ពឺ នឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុងនាចុងឆ្នាំ ២០២០នេះ។

    លោកស្រីបានបន្តទៀតថា÷ លោកស្រីនឹងនាំយកបទពិសោធន៍ ដែលខេត្តកំពង់ស្ពឺ ធ្វើបានជោគជ័យ យកទៅធ្វើការចែករំលែកបទពិសោធន៍ ទាំងនេះបន្តទៅដល់ប្រទេសនានា តាមបណ្ដោយទន្លេមេគង្គ និងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ។

    បញ្ចប់នៃទស្សនកិច្ចរយៈពេលពីរថ្ងៃនេះដែរ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាល ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ចំពោះជំងឺកូវីដ-១៩ ជៀសវាងការកើតឡើងនៃរលកទី២ នៅក្នុងខេត្ត ក៏ដូចជានៅតាមសហគមន៍ផងដែរ៕ រូបភាព និងអទ្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img