ខេត្តព្រះសីហនុ÷លោក ឯម ភាព អភិបាលរងខេត្តបានជំនួបជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនាថ្ងៃទី៤ខែសីហាឆ្នាំ២០២៣ក្នុងដំណើរទស្សនកិច្ចនាពេលនេះលោកបានថ្លែងអំណរគុណចំពោះលោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិក្រុមហ៊ុន Aquarii BD Cambodia ដែលបានសម្របសម្រួល និងដឹកនាំគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ។
លោក ឯម ភាព អភិបាលរងខេត្តបានលើកឡើងថា ខេត្តព្រះសីហនុមានសក្តដានុពលរួមមាន ធនធានធម្មជាតិតំបន់ឆ្នេរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សកម្មភាពទេសចរណ៍ ការគ្រប់គ្រងបរិស្ថាន គម្រោងវិនិយោគនានាក្នុងខេត្តទ្វេពាណិជ្ជកម្មដ៏សំខាន់របស់ខេត្តនិងប្រទេសកម្ពុជា។
ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅក្នុងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវដែក ផ្លូវគោក ផ្លូវអាកាសនិងមានផ្លូវល្បឿនលឿន ជាសរសៃឈាមសេដ្ឋកិច្ចថ្មីនៅភាគនិរតីនៃប្រទេសកម្ពុជា។
លោកក៏បានបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដោយសិក្សាបែងចែកជាតំបន់ លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្មរដ្ឋបាលទេសចរណ៍ តំបន់សាសនានិងវប្បធម៌ជាដើម ផែនការនេះមានគោលបំណងប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងប្រកួតប្រជែងសាកលលោកមានភាពរីកចម្រើននិងពហុវប្បធម៌តាមរយៈការទាក់ទាញវិនិយោគពីបរទេសក៏ដូចជាភ្ញៀវទេសចរណ៍។
ខេត្តព្រះសីហនុរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះមានកំណើនសេដ្ឋកិច្ចនិងកំណើនប្រជាជនយ៉ាងឆាប់រហ័សស្របជាមួយនឹងការផ្លាស់ប្ដូរយ៉ាងខ្លាំងពិសេសលើហេដ្ឋារចនាសម្ព័ន្ធហើយវិស័យចម្បងក្នុងការអភិវឌ្ឍន៍ខេត្តរួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍និងកសិកម្ម ហិរញ្ញវត្ថុអប់រំនិងបណ្ដុះបណ្ដាលប្រជាជីវៈសំណង់និងអចលនទ្រព្យ។
អ្នកវិនិយោគអាចមើលគម្រោងមួយចំនួនរបស់ខេត្តព្រះសីហនុរួមមានគម្រោងទីក្រុងឆ្លាតខណៈដែលខេត្តព្រះសីហនុកំពុងអភិវឌ្ឍហើយជាទីក្រុងឆ្លាត បច្ចុប្បន្នយើងក៏រកដៃគូទទួលគម្រោងអភិវឌ្ឍន៍ចំណតឆ្លាតវៃនៅមុខសាលើ ពាក់ព័ន្ធគម្រោងទីក្រុងឆ្លាតយើងត្រូវការសេវាកម្មជាច្រើនមកជួយទីក្រុងរបស់យើងទាំងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍន៍ទីក្រុងទាំងការអនុវត្តគម្រោងអាទិភាពដូចជាការគ្រប់គ្រងសំរាមឆ្លាតវៃគម្រោងអប់រំ គម្រោងថែទាំសុខភាពនិងប្រព័ន្ធទឹកភ្លើងឆ្លាតវ័យជាដើម។
ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ លោកហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរីនិងលោក ម៉ៃ ខិលតាន់នាយកប្រតិបត្តិ Aquarii BD Cambodia បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ខេត្តព្រះសីហនុដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមិនតែប៉ុណ្ណោះខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្តដានុពលជាច្រើនសម្រាមទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកវិនិយោគមកបណ្ដាក់ទុនហើយចំពោះដំណើរទស្សនកិច្ចនេះលោកនឹងមានការចាប់អារម្មណ៍ជាច្រើនចំពោះការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំខេត្តអំពីសក្តដានុពលនិងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន៕ ដោយ៖ វ៉ាន់នី