ទំព័រដើម ទំព័រដើម សង្វៀនជល់មាន់នៅស្រុកសង្កែ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ពលរដ្ឋចង់ឲ្យសមត្ថកិច្ចបង្ក្រាប

សង្វៀនជល់មាន់នៅស្រុកសង្កែ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ពលរដ្ឋចង់ឲ្យសមត្ថកិច្ចបង្ក្រាប

- ពាណិជ្ជកម្ម -

បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅ ភូមិស្តង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាសំណូមពរឲ្យសមត្ថកិច្ច បង្ក្រាបបទល្មើសល្បែងស៊ីសងប្រភេទមាន់ជល់ ខណៈគេបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ស្ទើរជារៀងរាល់ថ្ងៃ មិនទាន់ឃើញមានបង្ក្រាបសោះ។

តាមសេចក្តីរាយការណ៍របស់ពលរដ្ឋ បានបញ្ជាក់កាលពីថ្ងៃទី២៩ ខែកញ្ញានេះ ថា ទីតាំងសង្វៀនមាន់ខាងលើ កំពុងក្លាយជាកន្លែងពេញនិយម និងអ៊ូអរយ៉ាងខ្លាំង រំខានដល់ការរស់នៅ ដល់សន្តិសុខក្នុងមូលដ្ឋានរបស់ពួកគាត់។ ម្យ៉ាងវិញទៀត ពួកគាត់ក៏មានការព្រួយបារម្ភ ចំពោះស្ថានភាពជំងឺកូវីដ១៩ផងដែរ ខណៈដែលក្រុមអ្នកលេងទាំងនោះ គឺសុទ្ធតែបានប្រមូលផ្តុំគ្នារាប់រយនាក់ ដោយគ្មានប្រើវិធានការ ការពារឆ្លងមេរោគបន្តិចណាសោះ។ ក្រុមប្រជាពលរដ្ឋ នៅក្នុងភូមិ បានបន្តរាយការណ៍ថា ទីតាំងល្បែងខាងលើ បើកដំណើរការទ្រង់ទ្រាយធំចំនួន២ថ្ងៃ គឺនៅរៀងរាល់ថ្ងៃអង្គារិ៍ និងថ្ងៃសុក្រ។ ប្រភពបន្តថា សង្វៀនជល់មាន់នេះ មិនបានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិ រីកចំរើនដោយសារវាឡើយ មានតែធ្វើឲ្យពលរដ្ឋព្រួយបារម្ភទៅវិញ ចំពោះបញ្ហាសន្តិសុខក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋនេះ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានប្រាប់ក្រុមអ្នកព័ត៌មានថា លោកមិនគាំទ្រឲ្យមានល្បែងស៊ីសង នៅក្នុងតំបន់ឡើយ។ បញ្ហានេះ លោកនឹងដឹកនាំកម្លាំង ចុះទៅបង្ក្រាបភ្លាម បើសិននៅតែបើកលេងបន្តទៅទៀត៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម