ស្រុកកំពង់លែង៖ នៅព្រឹកថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានដង្ហែរទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៥វត្ត ក្នុងឃុំកំពង់ហៅមាន វត្តពោធិអណ្តែត , វត្តថ្មី (ហៅវត្តកំពង់បឹង) , វត្តកោះក្អែក , វត្តភ្នំទេពីគិរីធម្មបាល , វត្តដូនវៀត។
ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ក្នុង១វត្តៗរួមមាន៖ ទៀនវស្សា ០១ គូ , អង្ករ ៥០kg, ទឹកបរិសុទ្ធវីតាល់ ០១កេស , មី ០១ កេស , ទឹកត្រី ០១ យួរ , ទឹកស៊ីអ៊ីវ ០១ យួរ , ត្រីខកំប៉ុង ០១ យួរ , ស្ករស ០២kg , ទឹកដោះគោ ០៥ កំប៉ុង , តែ ០១កញ្ចប់ និងសាដក់ ០១ និង បច្ច័យ ៥០០,០០០ រៀល សរុបបច្ច័យទាំង ០៥ វត្ត មានចំនួន ៥,២០០,០០០ រៀល។
ក្នុងពេលនោះ លោក ឆាយ លាភា បានជូនថវិកាចំនួន ២០០,០០០ រៀល ដល់ពុទ្ធបរិស័ទ យាយជី តាជី ប្រជាការពារភូមិ តាអាចារ្យ ចំនួន ៤០ នាក់ ក្នុងមួយនាក់ៗទទួលបានថវិកា ៥,០០០រៀល។ ក្នុងកម្មវិធីនេះ លោក ឆាយ លាភា បានចូលរួមបច្ច័យចំនួន ៣,៩៥០,០០០ រៀល និងក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំកំពង់ហៅ បានចូលរួមបច្ច័យចំនួន ១,៤៥០,០០០ រៀល បច្ច័យសរុបរួមចំនួន ៥,៤០០,០០០ រៀល ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកប្រធាន បានលើកឡើងថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទជិតឆ្ងាយ មានលទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ក្នុងការចូលរួមប្រារព្ធពិធីបុណ្យផ្សេងៗនៅតាមទីវត្តអារាមនានាទាំងជិត និងឆ្ងាយ ។
លោកប្រធាន ក៏បានបន្តថា៖ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល និងក្នុងនាមឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង តែងតែបានគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ដែលតែងតែគាំទ្រគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ កម្មវិធីនេះប្រព្រឹត្តឡើងនៅវត្តពោធិអណ្ដែត ស្ថិតនៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។