កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអនុសាខាស្រុកថ្មបាំង លោក ជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា ធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បាន ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត លោកស្រី ទួត ហាទីម៉ា ប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្មបាំង អាជ្ញាធរឃុំឬស្សីជ្រុំ និងក្រុមការងារបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន ៣៧គ្រួសារ នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខានិងក្រុមការ ងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខ ទុក្ខពី និងចូលរួមសោកស្តាយចំពោះគ្រោះ មហន្តរាយធម្មជាតិនេះពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែង តែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះលោកជំទាវប្រធានក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ ព្រមទាំងថវិកាចំនួន ៨ម៉ឺនរៀលដូចៗគ្នាផងដែរ។
ដោយឡែកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ក៏បានឧបត្ថម្ភថវិកាបន្ថែម ជូនគ្រួសាររងគ្រោះទាំង៣៧គ្រួសារ ក្នុងមួយគ្រួសារ ៗថវិកា ១០ម៉ឺនរៀលដូចគ្នាផងដែរ ៕ ដោយ ញុឹប សន