More

    សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តកោះកុង

    spot_img

    កោះកុង÷ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តកោះកុង។

    ក្នុងសន្និបាតនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រ សាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់បណ្តាមន្ទីរវិស័យ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារដោយបាន បំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចូលរួមចំណែកក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត រហូតសម្រេចបានសមិទ្ធ ផល ជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២២កន្លងទៅនេះ។

    លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា: ការ រៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះ គឺពិតមានសារៈសំខាន់ណាស់ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញលើការងារទាំង ឡាយ របស់រដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២២ និងប្រមូលធាតុចូលសំខាន់ៗដើម្បីជាមូលដ្ឋានបន្ថែម ក្នុងការដាក់ចេញនូវទិសដៅការងារសម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៣ នេះ ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។ ក្នុងដំណើរការសន្និបាតរបស់យើងនាពេល នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល០១ថ្ងៃកន្លះ ពោលគឺ នៅថ្ងៃទី២២នេះ យើងរៀបចំមួយថ្ងៃពេញតែម្ដង ដោយក្នុងនោះយើងនឹងធ្វើការបែង ចែកក្រុមពិភាក្សាជា០៣ក្រុម ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដែលពាក់ទៅនឹងការអនុវត្ត ” គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយផ្តោតទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែង ស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើអធិការកិច្ចអត្ថពលករបរទេស សំដៅប្រមូលធាតុចូលពីសមាជិក សមាជិកា នៃក្រុមពិភាក្សានីមួយៗ ដើម្បីជាមូលដ្ឋានសម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៣ នេះបន្តទៀត។

    លោកជំទាវបន្តរថា: ស្ថិតក្នុងដំណាក់កាលដែលប្រទេសកម្ពុជាយើង បានជួបនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងពិភពលោកកំពុងជួបនឹងការកើនឡើងនៃភាពតានតឹង នៃភូមិសាស្ត្រនយោបាយ ដែលមិនទាន់មានការសម្របសម្រួលដោះស្រាយបានសមស្រប បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន និងជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាទីបំផុត អំពីសុខទុក្ខ និងការខ្វះខាត របស់ប្រជា ពលរដ្ឋ ដោយបានដាក់ចេញនូវគោលន យោបាយគាំពារសង្គម តាមរយៈកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹក ជំនន់ ជាដើម។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ពិសេសក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើងទទួលបាននូវភាពជោគជ័យ និងការអភិ វឌ្ឍជាច្រើនគួរជាទីមោទកៈ ក្នុងនោះចំណុចសំខាន់ៗរួមមាន ៖
    -ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ
    -ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌និងគ្មានអំពើហិង្សា
    -ការគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ តាមរយៈវិធានសុខាភិបាល និងការចាក់ ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង
    -ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរ ជម្នះនឹងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅ អ៊ុយក្រែន
    -ការអនុវត្តនយោបាយការបរទេសឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់ អន្តរជាតិ និង ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២២ ប្រកបដោយភាពជោគជ័យ គួរជាទីមោទកៈបំផុត។

    ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍សំខាន់ៗចំនួន០២
    ទី១៖ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសម្តេចតេជោ មានបំណងរៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ- អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ។ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣នេះ គឺនៅសល់ តែ៤៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រារព្ធពិធីបើកការប្រ កួតនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

    ទី២៖ ការត្រៀមលក្ខណៈសម្រាប់ការរៀប ចំការបោះឆ្នោតដ៏សំខាន់មួយទៀតនោះគឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

    លោកជំទាវ អភិបាលខេត្តកោះកុង សង្ឃឹមថា: បញ្ហាប្រឈមទាំងឡាយ ដែលមានក្នុងឆ្នាំ២០២២ នឹងដោះស្រាយបានដោយជោគជ័យបន្ថែមទៀតក្នុងឆ្នាំ ២០២៣នេះ តាមរយៈការចូលរួមមតិ យោបល់ របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងអនុវត្តការងារក្នុងឆ្នាំនេះ និងបណ្ដាឆ្នាំខាងមុខបន្តទៀត៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img