ព្រះសីហនុ៖ ពលរដ្ឋជាង១០គ្រួសារប្រមូលម្តុំគ្នា អង្វរសូមឲ្យ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយរកដំណោះស្រោយជូនពួកគាត់ ខណៈដែលពួកគាត់លើកឡើងថា លំនៅដ្ឋាន និងដីដែលពួកគាត់ បានរស់នៅអស្រ័យផលកន្លងមកយូរឆ្នាំមកហើយ ត្រូវបានអជ្ញាធរមូលដ្ឋាន ចុះរុះរើខ្ទេចគ្មានសល់ កាលពីថ្ងៃទី៦ ទី៧ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ដែលមានទីតាំងស្ថិត នៅក្រុម១៦ ភូមិ០២ (ហៅភូមិតាអឺង) សង្កាត់លេខ០១ ក្រុងព្រះសីហនុ។
យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានប្រាប់ថា ដំបូងឡើយដីនោះ កាន់កាប់ដោយតាអឺង ហើយគាត់បានបែងចែកឲ្យកូនរបស់គាត់ចំនួនបីគ្រួសារទៀត ហើយក្រោយមកកូនរបស់គាត់ ក៏បានលក់ចែកចាយបន្ត ឲ្យប្រជាពលរដ្ឋនៅទីនោះ (ឯកសារលក់ដូរមានត្រឹមតែអ្នកលក់ និងអ្នកទិញតែប៉ុណ្ណោះ) ហើយពូគាត់ ក៏បានរស់នៅ និងអាស្រ័យផលនៅទីនោះរហូតមកដល់សព្វថ្ងៃនេះ។
បើតាមការរៀបរាប់របស់ពលរដ្ឋដដែល បានបញ្ជាក់ថាក្នុងនោះអ្នកដែលទិញដីពីកូនតាអឺងមាន៖
១. ជឿន ស៊ីយ៉ុន ២. ជឹង ប៉េងហុក ៣.ឡេង សុភាព ៥. វ៉ាត់ ប៑ុនថន ៦. អេង ជាចំរើន ៧. ណេត មាន ៨. សំ មករា ៩. តុប តង ១០. ជា វាសនា ១១. មានសួន សុម៉ាលី និង១២. កឹម រ៉ាមី។
យ៉ាងណាក៏ដោយ ការលើកឡើងរបស់ពលរដ្ឋបែបនេះ លោក ឃៀង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យសារព័ត៌មានយើងដឹងថា កន្លងមករាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកាត់ខ្វៀលដី នៅតំបន់អភិរក្សការពារព្រៃទឹកសាប តំបន់ក្បាលឆាយ ឱ្យប្រជាពលរដ្ឋរួចរាល់ហើយ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋ ដែលទៅសាងសង់ទីលំនៅថ្មីដី ដែលនៅតំបន់ការពារព្រៃទឹកសាបក្បាលឆាយនោះ គឺជាការរស់នៅ ដោយមិនស្របច្បាប់ទេ។ ករណីនេះដែរ លោកក៏បានប្រាប់ថា ក្នុងកិច្ចការអាជ្ញាធរ ចុះអនុវត្តទីតាំងណាហើយ គឺតែងតែជូនដំណឹងមុនមិនតិចដងទេ។ ជុំវិញសំណុំរឿងខាងលើនេះ លោកមិនទាន់ទទួលបាននៅឡើយទេ លោកប្រាប់ថានឹងចាំឆែកមើលក្រុមការងារជំនាញសិន។
ចំណែកឯមន្រ្តីបរិស្ថានមួយរូប ដែលមិនបានបញ្ជាក់ឈ្មោះ បាននិយាយថា កន្លងមកលោកនឹងក្រុមការងារ បានចុះធ្វើការហាមឃាត់ពលរដ្ឋ មិនឲ្យសាងសង់ដែរ តែពូកគាត់ហាក់មិនស្ដាប់ការហាមឃាត់នោះឡើយ។ ហើយពូកគាត់មិនបានរស់នៅរយះពេល១០ឆ្នាំ ដូចពូកគាត់និយាយនោះទេ គឺទើបតែបានប្រហែលជាង២ឆ្នាំប៉ុណ្ណោះ៕ រូបភាព និងអត្ថបទ៖ អួន ប្រុស