More

    ផ្លូវជាតិលេខ១០ ពីសំឡូត- វាលវែង-អូរ សោម-ដល់ខេត្តកោះកុង, រដ្ឋមន្ត្រី ស៊ុនចាន់ថុល អះអាងថា សម្រេចការសាង សង់បាន ៥៦-៥៧ ភាគរយហើយ

    spot_img

    កោះកុង÷ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ដើម្បីធានាថាផ្លូវនេះ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

    ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសាងសង់ផ្លូវជាតិលេខ ១០នេះ មានប្រវែង ១៩៧.៣៦គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍ សាត់ រហូតដល់ខេត្តកោះកុង ការសាង សង់សម្រេចបាន ៥៦-៥៧%ហើយ ក្នុងនោះក្រសួងក៏ចុះធ្វើតេស្តគុណភាពកម្រាសនៅស្រទាប់ទី២ នៅតាមកន្លែងមួយ ចំនួន ហើយឃើញថា ក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាថាផ្លូវនេះមានគុណភាពអាចប្រើប្រាស់បានយូរ អង្វែង។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
    បាទបញ្ជាក់ថា ក្រោយការសាងសង់ផ្លូវជាតិលេខ១០ ដែលបានតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុងនេះ នឹងជួយសម្រួលបានច្រើន ក្នុងការងាយស្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធាភ្នំពេញទៀតនោះទេ។

    ជាមួយគ្នានោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវ ឱ្យប្រជា ពលរដ្ឋដែលបានធ្វើដំណើរតាមផ្លូវ ដែលកំពុងស្ថាបនា និងស្ថាបនារួច សូមឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា បើកបរប្រកាន់ទិសឲ្យបានត្រឹមត្រូវ កុំបើកបរបញ្ច្រាសទិស ពិសេសផ្លូវជាតិលេខ ១០ នេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀងវាងគ្រោះថ្នាក់ក្នុងប្រការណាមួយ ដោយសារតែផ្លូវនេះគឺធ្វើមិនទាន់រួចរាល់នោះទេ ដោយមានថ្ម មានគ្រឿងចក្រនៅលើដងផ្លូវ ដូចនេះត្រូវបង្កើនការប្រុងប្រ យ័ត្ន មិនត្រូវបើកបរក្នុងល្បឿនលឿននៅកន្លែងមានការដ្ឋាននោះឡើយ។

    សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨. ៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាល វែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង ១៧២១. ៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៩០ម៉ែត្រ គិតពីបាតអូរ ទល់បាតស្ពានបណ្តោយ ៥៣០ ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរា  ចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img