បាត់ដំបង៖ ក្រុមអាជីវករដែលបានរងគ្រោះ ដោយអគ្គិភ័យឆាបឆេះតូបលក់ដូរនៅផ្សារធំបាត់ដំបង ហៅផ្សារណាត់ កាលពីចុងខែសីហាកន្លងទៅនេះ បានស្នើទៅអាជ្ញាធរខេត្តបាត់ដំបង ជួយដោះស្រាយនូវបញ្ហា ចំពោះមុខរបស់ពួកគាត់ចំនួន ០៣ចំណុចឲ្យបានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំលើកយកសំណើរ ស្នើឲ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាភ្លើងឆេះតូប ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារធំបាត់ដំបង(ផ្សារណាត់)ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានលើកឡើងថា ក្រោយអគ្គិភ័យឆេះតូបលក់ដូរ ពួកគាត់កំពុងជួបបញ្ហាប្រឈមមួយចំនួន មានដូចជាបំណុល ការប្រកបរបរប្រចាំថ្ងៃ និងបញ្ហាជីវភាពផងដែរ ។
ហើយព្រោះតែបញ្ហាដូចបានលើកឡើងខាងលើនេះ ពួកគាត់ក៏បានស្នើសុំអាជ្ញាធរខេត្ត ពិសេសប្រមុខរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាចំនួន៣ចំណុច ឲ្យបានទាន់ពេលវេលា ដែលទី១. បញ្ហាការទូទាត់សំណង, ទី២. ពន្លឿនការជួសជុលតូបឡើងវិញ និងទី៣.សូមកុំយកថ្លៃជួលតូបរយៈពេល ០៥ឆ្នាំ ។
នៅក្នុងកិច្ចប្រជុំនោះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ក៏បានមានប្រសាសន៍ថា ចំពោះសំណើររបស់បងប្អូនអាជីវករនៅក្នុងផ្សារណាត់ ដែលរងគ្រោះដោយអគ្គិភ័យនេះ រដ្ឋបាលក្រុងនឹងបញ្ជូនទៅរដ្ឋបាលខេត្ត ដើម្បីខេត្តធ្វើរបាយការណ៍ បញ្ជូនបន្តទៅថ្នាក់ជាតិ។
ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏បានធ្វើការបដិសេធ ចំពោះការបំផុសបំផុលរបស់មតិមួយចំនួន ដែលថាអាជ្ញាធរខេត្តឲ្យមានការផ្លាស់ប្តូរ ទៅលក់នៅផ្សារផ្សេង បង្កឲ្យក្រុមអាជីវករមានការយល់ច្រឡំ អ្វីដែលអាជ្ញាធរមិនទាន់អនុញ្ញាតឲ្យលក់ដូរ ដោយសារទីតាំងខាងលើ ត្រូវបានកំពុងធ្វើការបោសសំអាត រៀបចំអនាម័យឡើងវិញ ហើយកន្លែងអគ្គិភ័យឆេះខ្លាំង នឹងត្រូវធ្វើការជួសជុលកែលម្អជាថ្មី ដូច្នេះអាជ្ញាធរខេត្ត ពុំទាន់មានគោលការណ៍ណា ឲ្យអាជីវករទៅលក់ដូរនៅទីកន្លែងផ្សេងៗនោះទេ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅផ្សារធំបាត់ដំបង(ផ្សារណាត់ )ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតតូបទាំងស្រុងចំនួន ៣៣តូប និងតូប៤០ផ្សេងទៀត រងការប៉ះពាល់ ដោយទំហំនៃការខូចខាតដោយអគ្គិភ័យនេះផងដែរ ដែលគិតជាទឹកប្រាក់សរុបប្រមាណជាង ៨៣ម៉ឺនដុល្លារអាមេរិក៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ