More

    ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួបគម្រប់១០ឆ្នាំ​ ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម»

    spot_img

    នាចុងសប្តាហ៍ព្រឹកថ្ងៃ សៅរិ៍ ទី០៤ ខែកុម្ភៈ​ ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទីព្រះលានជល់ដំរី ក្នុងតំបន់អង្គរធំ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ស.ស.យ.ក​ មានឯកឧត្តម សាយ សំអាល់, ឯកឧត្តម គីម រិទ្ធី, និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក, អាជ្ញាធរដែនដី គណៈកម្មាធិការរៀបចំ សិស្សានុសិស្សជាច្រើននាក់ផងដែរ ។

    ឆ្នាំនេះជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដេីម្បីជាការលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកធ្វើការរំលេចឡើងជាផ្ទាំង នៃទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និង សិល្បៈទស្សនីយភាពជាច្រើនទៀត។ ម៉្យាងទៀតព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ រួមទាំងផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។ នាថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះអង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី នៅលើទឹកដីអង្គរនៃខេត្តសៀមរាប ស្របពេលខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។ មិនតែប៉ុណ្ណោះគឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយឱ្យមានមោទនភាព ស្រឡាញ់នូវវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ និង បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាមហាគ្រួសារខ្មែរតែមួយ ព្រមទាំងបានបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាស សម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និង ចូលរួមចំណែកជម្រុញវិស័យទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។

    លោក សោម រតនា បានបញ្ជាក់ឱ្យដឹងថានេះជាខួបឆ្នាំទី១០ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា ស្ថាប័នដែលពាក់ព័ន្ធ និង ដោយមានការចូលរួមផងដែរ ពីសំណាក់យុវជនស្ម័គ្រចិត្ត មកពីគ្រប់ទិសទីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។ ស្ថិតក្រោមដំបូលសន្តិភាពតែមួយ នៃស្មារតីសុខដុម សប្បាយរីករាយ និង បានសិក្សាស្វែងយល់នូវភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជា នាសម័យមហានគរ ក៏ជាការបំផុសនូវឆន្ទះមនសិការរបស់យុវជនខ្មែរ យើងបន្តថែរក្សាមរតកវប្បធម៌ខ្មែរឲ្យបានគង់វង្សតទៅអនាគត ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក៏បានធ្វើ ការរំលឹកឡើងវិញផងដែរ នូវឯកត្តកម្ម ដែលព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលបានកន្លងមក ដើមី្បធ្វើការផ្សព្វផ្សាយលើកកម្កើង ពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីដ៏ផូរផង់ របស់ប្រជាពលរដ្ឋខ្មែរយើង ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានស្វែងយល់ និង ដើមី្បពង្រីកកិត្យានុភាពនៅក្នុងតំបន់ និង ទៅលើពិភពលោក។ ម្យ៉ាងទៀត ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក៏បានធ្វើការពង្រីកទីកន្លែងកម្សាន្តសប្បាយជាច្រើនកន្លែង និង មាន៤៤កម្មវិធីទៀតផង ៕

    spot_img

    អត្ថបទទាក់ទង

    spot_img