More

    ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរីបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅសង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ

    spot_img

    មណ្ឌលគិរី ÷ នាព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅសង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីស្ដាប់ពីកង្វល់ បញ្ហាប្រឈម តំរូវការនិងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងស្វែងរកដំណោះស្រាយជូនគាត់ ។ វេទិកាសាធារណៈ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អេង កុកថាយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងសែនមនោរម្យ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យដោយមានការចូលរួមពីមន្ទីរ អង្គភាព អាជ្ញាធរក្រុងចៅសង្កាត់ និងមានប្រជាពលរដ្ឋចូលរួមចំនួន ៦៨នាក់ ដែលវេទិកានេះធ្វើឡើងនៅក្នុងសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនសែនមនោរម្យ ។

    ឯកឧត្តម អេង កុកថាយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងសែនមនោរម្យ បានមានប្រសាសន៍ថា វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ធ្វើឡើងដើម្បីផ្សព្វផ្សាយ គាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ចូលរួមតាមដាន ត្រួតពិនិត្យការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិ ស្វែងយល់ពីការលំបាក បញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាសិក្សា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងរាយការណ៍ជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានឲ្យបានសមស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ។
    ឯកឧត្តមប្រធានក្រុមការងារ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ លើក ឡើងពីសំណូមពរ និងតម្រូវការ ផលលំបាកនានា ចំណុចអវិជ្ជមាននៅក្នុងមូលដ្ឋាន ដើម្បីឲ្យអង្គវេទិការ ធ្វើការបកស្រាយនិងស្វែងរកដោះស្រាយជូន ។ ក្នុងវេទិកាសាធារណៈនោះ ប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរ មួយចំនួនពាក់ព័ន្ធនឹងការ រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ស្នើសុំជួសជុលផ្លូវ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងរៀបចំការលក់ដូររបស់អាជីវករក្នុងផ្សារសែនមនោរម្យ ។ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមការងារ ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ មានការយោគយល់ អត់ធ្មត់ សហការជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយឲ្យបានឆាប់រហ័ស រាល់សំណូមពរនិងតម្រូវការនានារបស់បងប្អូន និងត្រូវចូលរួមរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន គោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន មិនត្រូវយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ ដែលនាំឲ្យបាត់បង់សោភ័ណភាពក្រុងរបស់យើង ។ ឯកឧត្តមក៏បានឱ្យអាជ្ញាថាក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធធ្វើការឆ្លើយបកស្រាយលម្អិតទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកឡើងពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសែនមនោរម្យផងដែរ ។

    លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានមាន ប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុងតែងយកចិត្តទុកដាក់ចិត្តគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គិតគូរពីការអភិវឌ្ឍន៍ ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សំដៅលើកមុខមាត់ខេត្តមណ្ឌលគិរី ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ទេសចរណ៍ នៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ។ លោកអភិបាលក្រុងសែនមនោរម្យបានបញ្ជាក់ជូនប្រជាពលរដ្ឋថា អាជ្ញាធរក្រុងនិងសង្កាត់ទាំងបួន កន្លងមកបានចាក់ផ្លូវបេតុង ជួសជុលកែលម្អផ្លូវ ប្រព័ន្ធលូបង្ហូរទឹក នឹងតែងតែចុះរៀបចំស្ដាប់ធ្នាប់តាមដងផ្លូវ និងការលក់ដូររបស់ប្រជាពលរដ្ឋក្នុងផ្សារសែនមនោរម្យជាញឹកញាប់ផងដែរ ហើយចំពោះបញ្ហាដែលនៅសេសសល់អាជ្ញាធរក្រុង និងសង្កាត់ក៏មានផែនការជាក់លាក់ក្នុងការបន្តធ្វើនៅក្នុងឆ្នាំ២០២៣ នេះ ។ លោកអភិបាលក្រុងក៏បានបញ្ជាក់ដែរថា អាជ្ញាធរក្រុង សង្កាត់ នឹងធ្វើការជួសជុលកែលម្អផ្លូវ ប្រព័ន្ធលូ ទៅតាមគម្រោងផែនការអាទិភាព និងភាពចាំបាច់ជាក់ស្ដែងនៅក្នុងមូលដ្ឋាន ដូចនេះសូមឲ្យប្រជាពលរដ្ឋមានការយោគយល់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានជាមួយអាជ្ញាធរ រៀបចំដាក់ភ្លើងបំភ្លឺមុខផ្ទះ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img