ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយះពេល០១ឆ្នាំកន្លងទៅ និងការងារសម្រេចបានរយះពេល០៧ខែ ដើមឆ្នាំ២០២០ ក្រោមប្រធានបទ “ភាពរីកចម្រើន និងសក្កានុពលនៃខេត្តព្រះសីហនុ”។
នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការផ្សព្វផ្សាយផែនការ កិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នាពេលខាងមុខ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដាស់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់គ្រប់ មេបញ្ជាការគោលដៅក្នុងផែនការ និងតាមបណ្តាមូលដ្ឋានក្រុង ស្រុក និស្នាក់ការសន្តិសុខទាំងអស់ ត្រូវប្រមូលផ្តុំត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ផ្សេងៗជាប់ជាប្រចាំ ដាក់ពង្រាយកម្លាំងឈរជើង ចេញល្បាតតាមក្នុងភូមិសាស្រ្តទទួលខុសត្រូវទាំងយប់ ថ្ងៃ ដើម្បីពង្រឹងកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាជនពលរដ្ឋក្នុងខេត្ត៕ រូបភាព និងអត្ថបទ៖ អួន ប្រុស