បាត់ដំបង៖ តាមការណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះផ្សារធំបាត់ដំបង ហៅផ្សារណាត់បានសម្រួល ឲ្យក្រុមអាជីវករមួយចំនួន នៅផ្នែកខ្លះ ចូលលក់ដូរដូចធម្មតាឡើងវិញ ពិសេសនៅផ្នែកខាងកើត និងផ្នែកលិចមួយចំនួនទៀត បន្ទាប់ពីបានឆេះខូចខាតដោយអគ្គិភ័យ កាលពីល្ងាចថ្ងៃទី៣០ ខែសីហាកន្លងមក។
នៅក្នុងការជួសជុលឡើងវិញនេះលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ ចុះសិក្សាស្រាវជ្រាវករណីឆេះផ្សារណាត់ បាត់ដំបងបានប្រាប់ឲ្យដឹងថា÷ ផ្សារធំខាងលើនេះមិនអាចអាក់ខាន នូវការដោះដូរលក់ ឬទិញអូសបន្លាយបានយូរបន្តរទៀតឡើយ ព្រោះអាចធ្វើឲ្យប្រឈមកាន់តែខ្លាំង ទៅដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។ ការសម្របសម្រួល ឲ្យអាជីវករលក់ដូរសារឡើងវិញនេះ និងតម្រូវឲ្យមានការរៀបចំសម្អាតអនាម័យបរិស្ថាន សណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណភាព និងការរៀបចំនូវប្រព័ន្ធបណ្តាញផ្សេងៗផងដែរ។
ឆ្លងតាមការចុះពិនិត្យ និងសិក្សាបញ្ជាក់ថា÷ ក្នុងករណីឆេះផ្សារធំបាត់ដំបង កាលពីកន្លងមកនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដែលនាំឲ្យរងការខូចខាតឆេះតូបលក់ដូរ បង្កឲ្យបែកកញ្ចក់ បាក់បែកហ្វីប្រូស៊ីម៉ង់ជាច្រើន នៅផ្នែកខាងលើដំបូល បណ្តាលឲ្យមានស្នាមប្រេះតួធ្នឹម និងប៉ះពាល់ទ្រព្យសម្បត្តិ របស់អាជីករជាច្រើនដែលតម្រូវ ឲ្យមានការសិក្សាលម្អិតពិការរៀបចំកែលម្អ ជួសជុលឡើងវិញតាមរយៈមន្ទីរដែនដី និងមន្ទីរវប្បធម៌ខេត្តសហការគ្នា ដើម្បីធ្វើការសិក្សាវាយតម្លៃតាមបច្ចេកទេស សមស្របតាមអាគារបន្សល់ទុកពីបុរាណ ឲ្យការប្រើប្រាស់បានយូរអង្វែងបន្តទៀត។
ប្រធានគណៈកម្មការសិក្សា ស្រាវជ្រាវករណីឆេះផ្សារ បានបញ្ជាក់ផងដែរថា÷ ទូរលេខចុងក្រោយ នៃការប៉ះពាល់ដោយភ្លើងឆាបឆេះខាងលើ គិតជាទឹកប្រាក់មានទំហំសរុបចំនួនជាង ៨៣ម៉ឺនដុល្លារអាមេរិក ដោយក្នុងនោះតូប ដែលខូចខាតទាំងស្រុងមានចំនួន៣២តូប តូបលក់គ្រឿងទេសចំនួន១៥តូប, តូបចានលក់ចានឆ្នាំងចំនួន៤តូប, តូបលក់ខោអាវ ចំនួន១៣តូប និងតូបជាច្រើនទៀតរងការខូចខាត ៥០% និងតិចជាងនេះ៕ រូបភាព និងអត្ថបទ៖ភ្នំខៀវ