More

    បុរសម្នាក់មានជំងឺសរសៃប្រសាទ ស្រាប់តែជំងឺរើឡើង លែងដឹងខុសត្រូវ ក៏បានយកដែក​បំពង់ទីប វាយប្រពន្ធរបស់ខ្លួន រហូតដល់ស្លា.ប់

    spot_img

    ភ្នំពេញ ៖ ស្ត្រីម្នាក់ កំពុងដេកនៅក្នុងបន្ទប់ជាន់ឡៅតឿ គ្រាដែលកូនចៅមិននៅផ្ទះ ស្រាប់តែប្តីដែលជាមនុស្សមានជម្ងឺសរសៃប្រសាទ ប្រដាប់ដោយដែកទីបឡើងទៅវាយ ផុងលលាដ៍រហូតដល់ស្លាប់ ហើយដើរចាកចេញពីផ្ទះគេចខ្លួនបាត់ លុះកូនចៅចូលដល់ក្នុងផ្ទះ ឃើញស្ងាត់ឡើងមើលក្នុងបន្ទប់ ឃើញម្តាយរបួសបែកផុងក្បាល ទើបឆោឡោ ផ្អើលអ្នកជិតខាង ហៅក្រុមសង្គ្រោះឲ្យជួយ ពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

    ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅផ្ទះល្វែង ផ្លូវបេតុងខាងក្រោយផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ជនសម្លាប់ប្រពន្ធខ្លួនឯង ឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ ជាមនុស្សសរសៃប្រសាទ ច្រើនឆ្នាំមកហើយ ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យ និងប្រើប្រាស់ថ្នាំ ទើបតែអស់ថ្នាំ៣ថ្ងៃ មុនកើតហេតុនេះទេ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ លី សុភា អាយុ៥៤ឆ្នាំ ។ គ្រួសារខាងលើ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ និងចៅប្រុស១នាក់ រស់នៅផ្ទះកើតហេតុ គ្នា៦នាក់ ជាក្រុមគ្រួសារ ។

    តាមការបំភ្លឺពីកូនប្រុស បានឲ្យដឹងថា ឪពុករបស់ខ្លួន មានជម្ងឺប្រចាំកាយ ប្រព័ន្ធប្រសាទ ច្រើនឆ្នាំមកហើយ គាត់លេបថ្នាំប្រចាំថ្ងៃ តែ៣ថ្ងៃមកនេះ អស់ថ្នាំលេប ហើយអាការៈឃើញដូចធម្មតា មិនទាន់នាំទៅមន្ទីរពេទ្យរុស្សុីផង ស្រាប់តែកើតរឿងបែបនេះតែម្តង គ្រាដែកកូនចៅមិននៅផ្ទះ ។
    បើតាមកូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា ក្រោយពីហូបបាយថ្ងៃត្រង់រួច កូនចៅនាំគ្នាជាប់រវល់ចេញទៅធ្វើការ ម្តាយនៅដេកសម្រាកក្នុងបន្ទប់ជាន់ឡៅតឿ លុះចូលមកដល់ផ្ទះ ឃើញស្ងាត់បាត់ឪពុក ម្តាយ ក៏ឡើងទៅតាមហៅរកនៅបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញម្តាយ របួសបែកផុងលលាដ៍ក្បាលហូតឈាមជោគឥដ្ឋ ទើបដឹងថា ឪពុក គាត់ជាមនុស្សសរសៃប្រសាទ ជម្ងឺរើធ្វើទុក្ខ ទើបវាយម្តាយបែបនេះ ដោយមិនអស់ចិត្ត ហៅក្រុមសង្គ្រោះឲ្យជួយ តែពិនិត្យជាក់ស្តែង ម្តាយបានស្លាប់បាត់ទៅហើយ ។

    បើតាមអ្នកភូមិវិញ បានឲ្យដឹងថា នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ គេឃើញបុរសជាប្តី ដើរចេញពីផ្ទះ មានកាន់ដែកទីបមួយកំណាត់ផង តែគ្មានអ្នកណាចាប់អារម្មណ៍ ព្រោះថាមួយរយៈនេះ គាត់មានអាការៈធម្មតា ទាល់តែកូនចៅចូលដល់ផ្ទះទើបដឹងរឿងបែបនេះ ។
    ករណីហឹង្សា ប្តីវាយប្រពន្ធរហូតដល់ស្លាប់ខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយសារវត្ថុរឹង វាយសំពង របួសបែកផុងលលាដ៍ក្បាល រហូតប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកបុរសជាប្តីដើរគេចចាកចេញទៅបាត់ សមត្ថកិច្ចកំពុងតាមស្វែងរក និងអនុវត្តតាមនីតិវិធី ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img