
ភ្នំពេញ ៖ រថយន្តស្តារិច មួយគ្រឿងដែលបិតឡូហ្គោ បុរី ឡេង ណាវ៉ាត្រា បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់មួយកង់ខ្ទាតមកកណ្តាលផ្លូវ រីឯរថយន្តបង្កបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបប្រាសាទពេជ្រ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវ១៨២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃេីញរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពត 2B-5859 និងបិតឡូហ្គោ បុរី ឡេង ណាវ៉ាត្រា បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កខ្ទេចចំហៀងពីមុខទៅលេងរួច ចំណែករបាំងថ្មបានបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀត សំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕