More

    ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ចើញបានទទួលអំណោយមនុសស្សធម៌ពីសប្បុរសជនមានដូចជា ថវិកា និងសម្ភារៈ ដើម្បីចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់

    spot_img

    ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ចើញបានទទួលអំណោយមនុសស្សធម៌ពីសប្បុរសជនមានដូចជា ថវិកា និងសម្ភារៈ ដើម្បីចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅកាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២កន្លងមក ដែលបានធ្វើឱ្យបើកដំបូលផ្ទះ និងរលំផ្ទះទាំងស្រុង និងមានអ្នករងរបួសថែមទៀតផង នៅស្នាក់ការសាខាស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

    អំណោយដែលទទួលបានពីសប្បុរសជននាពេលនេះ មានដូចជា៖
    ១.លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លាអាមេរិក
    ២.លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លាអាមេរិក
    ៣.លោកយាយឧបាសិកា អ៉ីវ សាឯម អ្នកគ្រូបង្រៀនចូលនិវត្តន៍ ឧបត្ថម្ភថវិកាចំនួន ១៥០ដុល្លាអាមេរិក
    ៤.លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហការី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៤លានរៀល
    ៥.លោកឧកញ៉ា តាំង គួង អនុប្រធានកិត្តិយសាខា និងលោកជំទាវ បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគមានដូចជាមីចំនួន ៣០០ កេះតូច ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ
    ៦.លោក តុង នី និងលោកស្រី បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ មីកំប៉ុងចំនួន ១០០កេះធំ
    ៧.ចុងភៅ អ៉ីឡាង បានចូលរួមឧបត្ថម្ភជាអង្ករ ៥០០គីឡូ
    ៨.ក្រុមហ៊ុន(ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក)(Canopy Sands Development Co.Ltd) បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លាអាមេរិក និងស័ង្កសី ២០០០សន្លឹក។

    ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីអ្នកនាងកញ្ញា សប្បុរសជនដែលបានចូលរួមវិភាគជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ។

    ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងប្រទេស ពិសេសខេត្តព្រះសីហនុ ឱ្យបានសាកសមក្នុងវិស័យមនុស្សធម៌ សាខាបានរៀបចំកៀរគរមូលនិធិនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយមូលនិធិដែលសាខាកាកបាទក្រហមប្រមូលបានពីសប្បុរសជន ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើង សំដៅរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពល រដ្ឋរងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ការកាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា និងទារកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ នៃតម្លៃមនុស្ស ធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហឹង្សាជាដើម។

    ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរគុណ និងធ្វើការអំពាវនាវឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តចូលរួមជួយគាំទ្របរិច្ចាគថវិកា និងសម្ភារៈចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់បន្តទៀត៕

    spot_img

    អត្ថបទទាក់ទង

    spot_img