More

    ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣

    spot_img

    ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

    ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ១/ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិនស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២២, ២/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន, ៣/ ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្តប៉ៃលិន, ៤/ ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ០៣៦/២១សសរ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការកែសម្រួលសមានសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តប៉ៃលិន, ៥/ ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ០៣៧២១សសរ. ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការកែសម្រួលសមាសភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តប៉ៃលិន, និង៦/ បញ្ហាផ្សេងៗ (ពិនិត្យ និងពិភាក្សាតារាងឧបសម្ព័ន្ធ នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ឆ្នាំ២០២២) ។

    ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោល នោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។

    មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

    ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

    spot_img

    អត្ថបទទាក់ទង

    spot_img