More

    អណ្តូងទឹកសាបនៅលើកោះស្តេច នៅតែទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកំសាន្ត

    spot_img

    កោះកុង៖ យោងតាមអបិយជំនឿ និងភាពជាក់ស្ដែង នៅលើកោះស្ដេច ដែលពលរដ្ឋទូទៅ ក៏ដូចជាតាំងបុរាណកាលមក អណ្ដូងទឹកសាបនៅលើកោះស្ដេច ដែលស្ថិតនៅក្នុងឃុំកោះស្ដេច ស្រុកគីរីសាគរ នៃខេត្តកោះកុង នៅតែជាកន្លែងទាក់ទាញ ភ្ញៀវទេសចរជាតិ ឱ្យមកចាប់អារម្មណ៍ដដែល ជាហូរហែរមិនដាច់ឡើយ។

    ជារៀងរាល់ថ្ងៃ គេសង្កេតឃើញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិនានា ពេលបានទៅលេងលើកោះស្តេច គេពុំដែលដើររំលងកន្លែងអណ្តូងទឹកសាបនេះទេ ព្រោះវាជាចំណុចមួយ ដែលគួរឲ្យចាប់អារម្មណ៍ ខណៈដែលធ្វើឲ្យអ្នកទស្សនាឆ្ងល់ថា កោះស្តេចជាកោះ ដែលមានសមុទ្រទឹកប្រៃព័ទ្ធជុំវិញ តែនៅលើកោះនេះ បែរជាមានអណ្តូងទឹកសាបមួយ ផុសទឹកចេញពីក្នុងថ្ម អាចឲ្យពលរដ្ឋប្រើប្រាស់បាន ជារៀងរាល់ឆ្នាំ មិនចេះរីងស្ងួតឡើយ។

    បើតាមការបញ្ជាក់ពីអារម្មណ៍របស់ភ្ញៀវទេសចរណ៍ បានឲ្យដឹងថា ក្រៅពីទៅទស្សនាអណ្តូងទឹកសាប នៅលើកោះស្តេចនេះ ពួកគេក៏តែងតែចូលចិត្ត បរិយាកាសនៅជុំវិញកោះនេះផងដែរ ព្រោះពេលធ្វើដំណើរទៅកាន់កោះនេះ ពួកគាត់អាចមើលទេសភាពតាមផ្ទៃសមុទ្រ និងអាចកំសាន្តកន្លែងមួយចំនួន ដែលមានលក្ខណៈស្រស់បំព្រង តាមបែបធម្មជាតិ ជាច្រើនទៀត នៅលើកោះ និងនៅក្បែរកោះនេះ ដោយគ្រាន់តែជិះទូក ឬអូរប័រ។

    ទាក់ទងទៅនឹងអណ្ដូងទឹកសាប នៅលើកោះស្ដេចនេះផងដែរ បើយោងតាមឯកសារ និងការនិយាយតៗគ្នា ជាប្រវត្តិសាស្ត្រ យូរមកហើយ បានឲ្យដឹងថា កាលពីព្រេងនាយ គឺមានក្សត្រខ្មែរមួយអង្គ ដែលបានដឹកនាំទ័ពជើងទឹក ទៅវាយប្រយុទ្ធតតាំងជាមួយនឹងទ័ពសៀម ហើយក៏បានទទួលជ័យជំនះ ទៅលើកងទ័ពជើងទឹករបស់សៀមទាំងស្រុង បន្ទាប់មកក៏បានវិលត្រឡប់ មកសម្រាកនៅលើកោះស្ដេចនេះ ដោយកងទ័ពខ្មែរ មានរបួសផង ឈឺផង អស់កម្លាំងផង ហើយស្រេកឃ្លានទឹក ដោយសារជុំវិញសុទ្ធតែជាទឹកប្រៃ មិនអាចទទួលទានបាន គ្រានោះអង្គក្សត្រខ្មែរ ក៏បានបួងសួងដល់វត្ថុស័កសិទ្ធ ដើម្បីសុំការប្រទាននូវទឹកសាបសម្រាប់ឱ្យកងទ័ពផឹក និងសោយ ក្រោយបួងសួងហើយ ព្រះអង្គក៏បានលើកព្រះខ័ន ទៅបុកទម្លុះក្រហែងថ្មនៅចំរាក់ភ្នំកោះស្ដេច ដើម្បីសុំទឹកសាបឲ្យកងទ័ពបរិភោគ ពេលនោះស្រាប់តែ មានជ្រាបទឹកផុសចេញពីក្នុងថ្ម ដែលថ្លាឆ្វេង ជាទឹកសាប អាចទទួលទាន និងសោយបាន តាំងពីពេលនោះមក។

    មកដល់ពេលបច្ចុប្បន្ននេះ ក្រៅពីក្លាយជាផ្នែកមួយសម្រាប់ទាក់ទាញទេសចរណ៍ អណ្តូងទឹកសាបកោះស្តេច អាចឲ្យពលរដ្ឋរស់នៅលើកោះនេះទាំងមូល ប្រើប្រាស់បានតាមតម្រូវការ លើកលែងតែពលរដ្ឋដែលជាភ្ញៀវទេសចរណ៍ គឺសុទ្ធសឹងតែប្រើប្រាស់ទឹកសាប ដែលតភ្ជាប់ និងដឹកទៅពីលើដីគោកទាំងអស់៕ រូបភាព និងអត្ថបទ៖ សុគន្ធី


    spot_img

    អត្ថបទទាក់ទង

    spot_img