
ភ្នំពេញ: បុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងពាក់ស្លាកលេខរដ្ឋ ជ្រុលបុកចូលហាងលក់ទូរសព្ទដៃមួយកន្លែងយីហោ ម៉ែង ហាប់ បណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៥០ នាទីយប់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២២ នៅចំណុចហាងលក់ទូរសព្ទដៃ យីហោ ម៉េង ហាប់ ត្រង់ចំណុចរង្វង់មូលកាំកូស៊ីធី កែងនឹងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងពាក់ស្លាកលេខរដ្ឋ12 2-3618ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីរលិចទៅកើត ខណៈនោះបានប៉ះជាមួយនឹងរថយន្តតាកូម៉ាមួយគ្រឿងមិនចាំស្លាកលេខ ភ្លាមនោះភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿង ក្រោយមករថយន្តបង្កក៏បានបើកបន្តទៅដំណើរទៅមុខទៀត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកហាងលក់ទូរសព្ទដៃពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាក្រោយមកក៏មានបុរសម្នាក់តំណាងឲ្យខាងភាគីរថយន្តបានមកដល់បានធ្វើការចរចាជាមួយម្ចាស់ហាងលក់ទូរសព្ទដៃ ក្រោយមកភាគីទាំងទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្ត ព្រមជួសជុលហាងលក់ទូរស័ព្ទឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង រួចក៍ប្រញាប់ប្រញាបើករថយន្តចេញទៅបាត់តែម្ដង៕អត្ថបទនិង រូបភាពដោយ កុសល