More

    លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់សូឡាតាមថ្នល់ ការបែងចែកសូឡាតាមផ្ទះ និងចង្រ្កានបរិស្ថាន នៃគម្រោង ”គំនិតផ្ដួចផ្ដើមអគារបៃតងតាម រយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ”

    spot_img

    ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់សូឡាតាមថ្នល់ ការបែងចែកសូឡាតាមផ្ទះ និងចង្រ្កានបរិស្ថាន នៃគម្រោង ”គំនិតផ្ដួចផ្ដើមអគារបៃតងតាម រយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ” អនុវត្តដោយ UN-Habitat ឧបត្ថម្ភដោយប្រទេសជប៉ុន។

    លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណកម្មវិធីសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) ដែលគៀងគរថវិកាដើម្បីអនុវត្តគម្រោងជាច្រើនក្នុងក្រុងព្រះសីហនុ មានដូចជាការរៀបចំទស្សនទានទីក្រុងឆ្លាតវៃ ការប្រមូល និងការគ្រប់គ្រងសំរាម ការអប់រំផ្សព្វផ្សាយជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការ គ្រប់គ្រងទឹកកខ្វក់ ការគាំទ្រសហគមន៍ងាយរងគ្រោះ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។ គម្រោងគំនិតផ្ដួចផ្ដើមអគារបៃតងតាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនេះ ត្រូវបានអនុវត្តប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពក្នុងគោលបំណង៖
    -ផ្តល់ជម្រើសថាមពលស្អាត ពិសេសចង្ក្រានដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពងាយរងគ្រោះ ចំពោះការឆ្លងមេរោគតាមផ្លូវដង្ហើមដែលអាចបណ្ដាលមកពីការចម្អិនអាហារប្រើប្រាស់ឥន្ធនៈបំពុល និងបច្ចេកវិទ្យាធ្វើឱ្យគុណភាពខ្យល់នៅក្នុងផ្ទះមិនល្អ
    -ផ្តល់ជម្រើសថាមពលជំនួសសម្រាប់បំភ្លឺ និងសន្សំសំចៃការប្រើប្រាស់អគ្គិសនី ដែលរួមចំណែកដោយផ្ទាល់ដល់ការ កាត់បន្ថយការចំណាយរបស់គ្រួសារក្រីក្រ។ ស្ថិតក្នុងភាពជាដៃគូជាមួយ UN-Habitat និងរដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យ UN-HABITAT អនុវត្តគម្រោងស្ដីពី “គំនិតផ្ដួចផ្ដើមអគារបៃតងតាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ” ក្នុងសហគមន៍ក្រីក្រចំនួន២ រួមមាន តំបន់ទំនប់រលកភូមិ៣ និងតំបន់អភិវឌ្ឍន៍ថ្មី ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ តាមរយៈ ស.ជ.ណ.លេខ ២១១/២២ ចុះថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២២។ ក្នុងទិសដៅអនុវត្តគម្រោងសហគមន៍បៃតងត្រូវបានចងក្រងឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានប្រជាជនចំនួន ១៨៦គ្រួសារជាសមាជិកក្នុងចំណោមគ្រួសារ ៣០៨គ្រួសារ ស្ថិតក្នុងភូមិ១ និងភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ។ កន្លងមកក្រុមការងារគម្រោងបានសហការជាមួយអាជ្ញាធរដែនដី និងគណៈកម្មការសហគមន៍បានចុះសិក្សាវាយតម្លៃអំពីសេដ្ឋកិច្ចសង្គមទាក់ទងទៅនឹងគម្រោងតាមរយៈការសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ១៨៩គ្រួសារក្នុងសហគមន៍បានរកឃើញថា ប្រជាពលរដ្ឋមានការចំណាយច្រើនលើការទិញហ្គាសសម្រាប់ចំអិនអាហារ ខណៈខ្លួនកំពុងស្ថិតនៅក្នុងស្ថាន ភាពមានប្រាក់ចំណូលទាបក្នុងសហគមន៍ កន្លែងភាគច្រើនមានស្ថានភាពស្មុគស្មាញដោយសំណង់ផ្ទះ សាងសង់ក្នុងស្ថានភាពណែនចង្អៀតពិបាកធ្វើដំណើរ ជាពិសេសក្នុងពេលយប់ ។ល។ គណៈកម្មការបានសិក្សាអំពីក្រុមហ៊ុននានាក្នុងប្រទេសសម្រាប់ផ្គត់ផ្គង់សូឡា ចង្រ្កាន កង្ហារ រួចបានជ្រើសជ្រើសក្រុមហ៊ុនដែលអាចផ្ដល់ផលិតផលមានគុណភាពខ្ពស់បច្ចេកវិជ្ជាប្រទេសជប៉ុន និងចង្ក្រានមានគុណភាពកាត់បន្ថយការបំភាយកាបូនខ្ពស់។

    ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ការផ្ដល់ជូននាពេលនេះនឹងរួមចំណែកធ្វើឱ្យជីវភាព សុខុមាលភាព និងកាត់បន្ថយការចំណាយប្រចាំថ្ងៃទៅលើការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងអាចរស់នៅប្រកបដោយភាពរីករាយ និងសុវត្ថិភាព។

    រដ្ឋបាលខេត្ត សូមកោតសរសើរចំពោះ UN-Habitat តែងតែបានគិតគូរ និងគាំទ្រដល់ការអភិវឌ្ឍក្រុងព្រះសីហនុ ប្រកប ដោយភាពវៃឆ្លាត ចីរភាព និងបរិយាបន្ន។ និងអរគុណលោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) និងសហការី និងអាជ្ញាធរមូលដ្ឋានតំណាងសហគមន៍ និងប្រជាពលរដ្ឋទាំងអស់ជួប ប្រទះនឹងសេចក្តីសុខចម្រើន សុខភាពល្អ ជ័យជម្នះ និងសុភមង្គលគ្រប់ប្រការ។

    សូមបញ្ជាក់ថា វគ្គទី១. នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងបានប្រគល់ជូននូវចង្ក្រានបរិស្ថានចំនួន ៣៧២ ឈុត ដល់គ្រួសារក្រីក្រចំនួន ១៨៦ គ្រួសារ (ក្នុងមួយគ្រួសារទទួលបាន ០២ ឈុត) វគ្គទី២. ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ធ្វើការប្រគល់ជូនគ្រួសារក្រីក្រចំនួន ១៨៦ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖
    ១.កង្ហារសូឡា ១ឈុត (១៨៩ឈុត)
    ២. អំពូលសូឡាតាមផ្ទះ ២ឈុត( ៣៧៨ ឈុត) ដោយឡែកគម្រោងបំពាក់អំពូលសូឡាតាមដងផ្លូវភូមិ១ ចំនួន ៣១ដើម និងភូមិ៣ ចំនួន ១១០ដើម (សរុប ១៤១ដើម)៕

    spot_img

    អត្ថបទទាក់ទង

    spot_img