More

    ដីព្រៃតាមបណ្តោយព្រែកស្ពានឆ្លងឃៀនឈូសឆាយកម្ទេចអស់ហើយ ម្ចាស់អាអុិចឆ្លើយថា តាមរយ:លោកមេឃុំជ្រោយប្រស់

    spot_img

     

    កោះកុង ÷ ព្រៃតាមបណ្តោយមាត់ព្រែក ស្ពានឆ្លងឃៀន ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលជាជម្រកជីវៈចម្រុះ និងជួយសម្រួលលំនឹងក្នុងការទប់ស្កាត់ដីបាក់ចូលក្នុងព្រែក ជាពិសេស ព្រែកមួយនេះ ជាប្រព័ន្ធដ៏សំខាន់ ក្នុងការរំដោះទឹកជំនន់ធ្លាក់មកពីភ្នំ នារដូវវស្សា ត្រូវបានអ្នកមានលុយមានអំណាចយកគ្រឿងចក្រអាអិចកាយកម្ទេច វាទយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចច្បាប់បន្តិចសោះឡើយ ។

    បើតាមការលើកឡើងពីសាធារណ:ជន ដែលតែងតែធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើ បានបង្ហើបឱដឹងថា ដីព្រៃតាមបណ្តោយព្រែក ខាងលើ គឺជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មិនគួរណាមានការឈូសឆាយយកធ្វើជាកម្មសិទ្ធិឯកជននោះឡើយ ហើយព្រែកស្ពានឆ្លងឃៀនមួយនេះសំខាន់ណាស់ ក្នុងការជួយរំដោះជំនន់ទឹកភ្លៀង និងបានផ្តល់សារៈប្រយោជន៍ជាច្រើនដល់អ្នកនេសាទបែបលក្ខណៈគ្រួសារ ហើយកន្លងមកព្រៃនៅតាមបណ្តោយព្រែកនេះ គឺពុំអនុញ្ញាតអោយបុគ្គលណាម្នាក់ ធ្វើការរុករានទន្រ្ទាននោះទេ ឥឡូវត្រឡប់ជាមានបុគ្គលអាចឈូសឆាយបានបែបនេះ ប្រហែលជាអាជ្ញាធរមូលដ្ឋានមិនបានដឹង ឬមួយដឹងហើយធ្វើមិនដឹង ??? ។

    ដោយឡែកម្ចាស់អាអិច ដែលកំពុងធ្វើ សកម្មភាពឈូសឆាយកាយកំទេចដីព្រៃខាងលើ បានឱ្យដឹងតាមទូរស័ព្វថា ការ ដែលលោកឈូសឆាយនេះ គឺតាមរយៈលោកមេឃុំជ្រោយប្រស់ទេ ចំពោះមានឯកសារស្របច្បាប់ ឬគ្មានកំរិតណានោះ គាត់មិនបានដឹងឡើយ បើបងសារព័ត៌មានចង់ដឹង ច្បាស់ សួរទៅលោកមេឃុំទៅដឹងហើយ ។

    ជុំវិញករណីខាងលើនេះ មេឃុំជ្រោយប្រស់ លោក ពុំ ធឿន មិនបានបកស្រាយឲ្យបានច្បាស់លាស់នោះទេ ដោយឆ្លើយទាំងកំហឹងថា គេឈូសឆាយ លោកមិនបានដឹង ហើយលោកក៏មិនបានឲ្យអាត្រាក់ទៅឈូសឆាយដែរ។

    លោកថាអាត្រាក់នៅពេញព្រៃ មិនដឹងថា អាត្រាក់ណាឈូសឆាយកន្លែងណាទេ បើលោកអ្នកសារព័ត៌មានឃើញហើយហៅបរិស្ថានទៅចាប់ទៅ ។

    ការឆ្លើយបែបនេះ របស់លោក ពុំ ធឿន ដែលមានតួនាទីជាមេឃុំ ហាក់ដូចជាមិនទទួលខុសត្រូវ ក្នុងនាមខ្លួនជាអាជ្ញាធរថ្នាក់ក្រោមជាតិ មានតួនាទី អនុវត្តច្បាប់ ទៅលើបុគ្គលខិលខូច កាប់បំផ្លាញ ទន្ទ្រានឈូសឆាយយកដីចំណីព្រែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសការទន្រ្ទាននេះគឺស្ថិតនៅក្នុងមូលដ្ឋានកាន់កាប់របស់លោកមេឃុំផង ។

    ករណីឈូសឆាយដីព្រៃតាមបណ្ដោយ មាត់ព្រែកខាងលើ ត្រូវបានសាធារណ:ជន ដាក់ការសង្ស័យថា បើមិនមានការបើកដៃ ពីលោកមេឃុំជ្រោយប្រស់ បញ្ជាឲ្យឈូសឆាយទេនោះ ម្លេះម្ចាស់អាអុិចក៏មិនហ៊ានធ្វើការឈូសឆាយយ៉ាងពេញទំហឹងបែបនេះឡើយ ហើយអ្វីដែលមហាជនចាប់អារម្មណ៍ជាងគេនោះ គឺការរំលោភយកចំណីព្រែកនិងព្រៃប្របមាត់ព្រែកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ តែជំនាញពាក់ព័ន្ធជាច្រើនស្ថាប័ន ពុំបានចុះមកទប់ស្កាត់ ឬហាមឃាត់នោះឡើយ ។

    ទាក់ទិនការឈូសឆាយកម្ទេចព្រៃ តាមបណ្ដោយព្រែកខាងលើ លោក ជា សូវី អភិបាលស្រុកកោះកុង អ្នកសារព័ត៍យើងព្យាយាមទំនាក់ទំនងដើម្បីសុំការបំភ្លឺជុំវិញបញ្ហាខាងលើ ប៉ុន្តែមិនអាចទំនាក់ទំនងបាននៅឡើយទេ ដោយទូរសព្ទដាក់ប្រព័ន្ធជាប់រវល់ ។

    ទាក់ទិនបញ្ហាខាងលើមហាជន បានសំណូមពរ ដល់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងមេត្តា មានចំណាត់ការ និងមានវិធានការ ទៅលើបុគ្គល ដែលកំពុងតែបំផ្លាញដីព្រៃតាមមាត់ព្រែកខាងលើផង ដើម្បីជាការព្រមានដល់ជនខិលខូចដទៃ កុំអោយយកគំរូតាម និងដើម្បីថែរក្សានូវចំណីព្រែក និងព្រៃឈើ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img