ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញគូសង្សារមួយគូដេកស្លាប់នៅក្នុងបន្ទប់ជួលសង្ស័យភ្លេីងប្រច័ណ្ឌ ភាគីខាងប្រុសវាយសម្លាប់នារីជាសង្សាររួចអារកខ្លួនឯងតាមក្រោយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ១៦ ជាន់ទី២ ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ភាគីខាងស្រីមាន ឈ្មោះ វឿន សីហា ហៅក្តឹប អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុទើបបាន១សប្តាហ៍ មានស្រុកកំណើត នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ដែលមានឪពុកឈ្មោះ អ៊ន សាវឿន អាយុ៣៩ឆ្នាំ មុខរបរកសិករ មាន ម្តាយឈ្មោះ ឃុន ធឿន អាយុ៤១ឆ្នាំ មុខរបរកសិករ ជនរងគ្រោះ មានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស២នាក់ ស្រី៣នាក់ ហើយជនរងគ្រោះជាកូនទី២ ។ ចំណែកឯ ភាគីខាងសពបុរសវិញ ត្រូវជាគូសង្សារនឹងគ្នា មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ។
តាមការរៀបរាប់ពីស្ត្រីម្នាក់ត្រូវជាម្តាយមីង ឈ្មោះ យិន ភឿន អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិជីកក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា ក្មួយស្រីរបស់គាត់ បានស្រឡាញ់គ្នាជាមួយបុរសម្នាក់(សព)ខាងលើ កន្លងមកក្មួយស្រីបានស្នាក់នៅជាមួយគាត់ ទើបតែ១សប្តាហ៍កន្លងមកនេះ បានសុំគាត់ជួលបន្ទប់នៅបែកគ្នា ទើបតែបាត់ដំណឹង មិនឃើញមុខតែ២ថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ទូរស័ព្ទរក តែមិនចូល ទើបមកតាមរកមើល ឃើញបន្ទប់បិទទ្វារជិត ហៅមិនសូរឆ្លើយ ទើបឲ្យអ្នកក្បែរខាងជួយគាស់បើកបង្អួចមើល ស្រាប់តែប្រទះឃើញ ដេកស្លាប់ទាំង២នាក់ ទន្ទឹមគ្នានៅក្នុងបន្ទប់ជួលទៅវិញ ។
តាមការពិនិត្យបឋម ជាក់ស្តែងខាងស្រីមានស្នានរបួសបែកមុខ រីឯខាងប្រុស មានស្នាមអារក អាចសន្និដ្ឋាន ផ្តើមចេញពីរឿងភ្លើងប្រច័ណ្ឌ វាយសម្លាប់នាងជាសង្សារហើយ អារកសម្លាប់ខ្លួនឯងតាមក្រោយ មកដល់ព្រឹកនេះសពគូសង្សារមានធំក្លិនទៅហើយ ។
ក្រោយពីប្រទះឃើញគូសង្សារស្លាប់ទន្ទឹមគ្នានៅក្នុងបន្ទប់ជួល សង្ស័យផ្តើមចេញពីភ្លើងប្រច័ណ្ឌ សមត្ថកិច្ច អាជ្ញាធរ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យសាកសួរ ធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកសាច់ញាតិខាងប្រុស មុននឹងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ កុសល