ទំព័រដើម ទំព័រដើម រថយន្ត BMW បើកបុកជាមួយម៉ូតូXR បណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ រួចរថយន្តបង្ករត់ចូលក្នុងខុនដូមួយកន្លែងត្រូវសមត្ថកិច្ចដេញឃាត់ជាប់

រថយន្ត BMW បើកបុកជាមួយម៉ូតូXR បណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ រួចរថយន្តបង្ករត់ចូលក្នុងខុនដូមួយកន្លែងត្រូវសមត្ថកិច្ចដេញឃាត់ជាប់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMW បត់ឆ្លងផ្លូវក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូម៉ាកXR មួយគ្រឿង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ នៅក្រោមដំណក់ទឹកភ្លៀង ចំណែករថយន្តបង្កបានបើករត់ចូលក្នុងខុនដូរ មួយកន្លែង ត្រូវបានសមត្ថកិច្ចដេញឃាត់ជាប់។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៩យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបណតប៊្រីត តាមបណ្ដោយផ្លូវ ២០០៤ កែង និងផ្លូវណតប៊្រីត ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6819 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប៊្រីត ទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងផ្លូវ ក្នុងល្បឿនលឿន បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកXR ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1 GU-3710ជិះដោយបុរសពីរនាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់ ដោយបាក់ជើងម្នាក់ម្ខាង។ ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់ចូលក្នុងខុនដូមួយកន្លែងក្បែរកន្លែងកើតហេតុខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅស្តុបណតប៊្រីតដេញឃាត់ជាប់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម