More

    ក្រុមសន្តិសុខក្លឹបX-Zoom ព្រួតវាយភ្ញៀវរងរបួស៣នាក់សមត្ថកិច្ចហៅជនរងគ្រោះយកទៅសួនាំ តែមិនឃាត់ជនដៃដល់

    spot_img

     

    ភ្នំពេញ : យុវជនមួយក្រុមចូលផឹកស៊ី រាំលេងកម្សាន្តនៅក្នុងក្លឹបរាត្រីX-Zoomមួយកន្លែងខណៈចេញមកវិញត្រូវក្រុមសន្តិសុខព្រួតវាយបណ្តាលឲ្យរងរបួស៣នាក់ បង្កការភ្ញាក់ផ្អើលកាលពីវរលាម៉ោង៤ទៀបភ្លឺថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ នៅចំណុចមុខក្លឹបរាត្រី X-Zoom ស្ថិតតាមមហាវិថីចោមចៅ (អតីតផ្លូវវេងស្រេង) ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

    ប្រភពពី ជនរងគ្រោះម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ មិត្តភ័ក្រពួកគេជាច្រើនបាននាំគ្នា ចូលទៅផឹកស៊ី និងរាំកម្សាន្តក្នុងក្លឹបអ៉ិចហ្សូម X-Zoom ខាងលើ។ ក្រោយពីផឹកស៊ីអស់ជាច្រើនម៉ោង មានក្រុមក្មេងស្ទាវម្ខាងទៀត បានមើលមុខក្រុមពួកគេ ហើយក្រុមពួកគេក៏បានមើលមុខវិញ តែមិនកើតមានជម្លោះវាយតប់គ្នាអ្វីកើតឡើងនោះទេ គ្រាន់តែមើលមុខគ្នាទៅវិញទៅមកប៉ុណ្ណោះ តែរឿងនេះក៏បានសើចដាក់គ្នាវិញ និងបានបញ្ចប់ហើយ។

    ជនរងគ្រោះ បានបន្តថា នៅពេលដែលគិតលុយរួចរាល់ ពួកគេ និងមិត្តភ័ក្រចេញពីក្លឹបគោលបំណងទៅផ្ទះ ដោយខ្លះយកម៉ូតូចេញក្រៅរួច និងខ្លះទៀតមិនទាន់បានយកម៉ូតូចេញមកក្រៅទេ ស្រាប់តែសន្តិសុខក្លឹបដែលពាក់អាវខ្មៅ រូបក្លឹបអ៉ិចហ្សូម X-Zoom បានរករឿងពួកគេ និងបានវាយមកលើពួកគេ។ ដោយសន្តិសុខក្លឹបនេះបានយកដំបងដែករលាត់ វាយបណ្តាលឲ្យមានអ្នករងរបួសបែក ឈាមពេញមុខ និង២នាក់ទៀតរងរបួសក្បាល។

    ភ្លាមនោះ មិត្តភ័ក្រប្រុសស្រីដែលចេញមកដល់មុខក្លឹបនោះ បានចូលទៅជួយចាប់ទាញកុំឲ្យសន្តិសុខក្លឹបនោះវាយក្រុមពួកគេទៀត តែបែរជាក្រុមសន្តិសុខនោះ ហៅសន្តិសុខជាច្រេីននាក់ទៀតចេញមកជួយចាប់ និងព្រួតវាយដោយវិទ្យុទាក់ទង និងដែកដំបងរលាត់ ទេីបក្រុមយុវជនប្រុសស្រីបានចូលទៅជួយឃាត់កុំឲ្យវាយទៀត តែក៏ត្រូវក្រុមសន្តិសុខនោះប្រដាប់ដោយដំបងដែករលាត់ជាប់ដៃ រត់ដេញវាយពួកគេពេញផ្លូវថែមទៀត មិនតែប៉ុណ្ណោះ ក្រុមសន្តិសុខក្លឹបទាំងនោះ បានចាប់ឃាត់យុវជន៣នាក់បានរងរបួស អូសចូលក្នុងបរិវេណក្លឹបបាត់ទៅ។

    ក្រោយមកក្រុមយុវជនប្រុសស្រី បន្ទាប់ពីរត់គេចពីក្រុមសន្តិសុខនោះវាយរងរបួសស្រាល នាំគ្នារត់រកសមត្ថកិច្ចដើម្បីឲ្យចុះមកជួយអន្តរាគមន៍ផង ព្រោះក្រុមសន្តិសុខក្លឹបនេះ បានវាយមិត្តភ័ក្ររបស់ពួកគេ៣នាក់រងរបួស ហេីយយកចូលទៅខាងក្នុងបាត់ និងទេីបបង្កការភ្ញាក់ផ្អើលពេញមុខក្លឹបរាត្រីនេះ។

    ក្រោយកេីតហេតុទេីបឃេីញ វត្តមានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី២ ចំនួន៣នាក់ រួចចូលទៅខាងក្នុងបាត់។ មួយសន្ទុះក្រោយទេីបឃេីញចេញមកយកម៉ូតូជិះចូល ទៅនាំខ្លួនយុវជនដែលត្រូវសន្តិសុខវាយឲ្យរបួស ហើយអូសចូលក្នុងក្លឹប៣នាក់នោះ យកទៅធ្វេីការសាកសួរនៅប៉ុស្តិ៍ ដោយមិនបានឃាត់ក្រុមសន្តិសុខក្លឹប ប្រដាប់ដោយដំបងដែករលាត់ដែលជាអ្នកវាយនោះ យកទៅសួរនាំដែរទេ។

    ទោះបីជាមានការបកស្រាយ ដោយភាគី ជនរងគ្រោះក៏ដោយ ទាំងសមត្ថកិច្ច និងភាគីខាងក្រុមសន្តិសុខ មិនបកស្រាយក្នុងរឿងនេះ នៅឡើយ។ សង្ឃឹមថា, សមត្ថកិច្ចធ្វើកិច្ចការនេះ ឈរលើមូលដ្ឋានច្បាប់ តាមរយៈការប្រមូលភស្តុតាង ពីកន្លែងកើតហេតុ សាក្សី ក៏ដូចជាកាមារ៉ា សុវត្ថិភាពជាដើម ដើម្បីបញ្ជាក់ជូនមហាជន ក្នុងរង្វង់ច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img