ទំព័រដើម ទំព័រដើម សង្ស័យទំនាស់គ្នាចេញពីក្លឹប យុវជនប្រុសស្រីមួយក្រុមត្រូវក្មេងស្ទាវប្រុសស្រីមួយក្រុមទៀតជិះម៉ូតូនិងកង់បីដេញវាយបណ្ដាលឲ្យរងរបួសម្នាក់និងខូចខាតម៉ូតូមួយគ្រឿង

សង្ស័យទំនាស់គ្នាចេញពីក្លឹប យុវជនប្រុសស្រីមួយក្រុមត្រូវក្មេងស្ទាវប្រុសស្រីមួយក្រុមទៀតជិះម៉ូតូនិងកង់បីដេញវាយបណ្ដាលឲ្យរងរបួសម្នាក់និងខូចខាតម៉ូតូមួយគ្រឿង

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: យុវជនប្រុសស្រីមួយក្រុមមានគ្នា ៦ នាក់ជិះម៉ូតូ ៣ គ្រឿងចេញពីក្លឹបកម្សាន្ត មួយកន្លែង ត្រូវបានក្មេងស្ទាវប្រុសស្រីមួយក្រុម មានគ្នាជាង ១០ នាក់ជិះម៉ូតូ ២ គ្រឿងនិងម៉ូតូកង់បីមួយគ្រឿងប្រដាប់ដោយដំបង ដុំថ្ម និងដប ដេញវាយបណ្ដាលឲ្យយុវជនម្នាក់រងរបួសបែកក្បាលនិងវាយទៅលើម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើនឡើងកាលពីវេលា ២ និង ៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ៥ ខែតុលាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ក្បែរនិងសាលាអន្តរជាតិប៊ែលធី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុពួកគេមានគ្នា ៦ នាក់ប្រុស ៤ ស្រី២ជិះម៉ូតូ ៣ គ្រឿង បានចេញពីក្លឹបកម្សាន្ត មួយកន្លែងនៅតាមបណ្តោយផ្លូវ១៩៨៦ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ លុះពួកគេជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់ម៉ូតូ រួចក៏នាំគ្នាចុះទៅបត់ជើងតូច ខណៈនោះស្រាប់តែមានម៉ូតូពីរគ្រឿងជិះគ្នា៤នាក់ មកឈប់ក្បែរហើយក៏បានធ្វើការសួរនាំទៅលើពួកគេ ខណៈកំពុងតែនិយាយឆ្លងឆ្លើយគ្នាទៅវិញទៅមក ស្រាប់តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមានគ្នាប្រុសស្រីប្រមាណជាង១០ នាក់ប្រដាប់ដោយដំបង ដុំថ្ម និងដប បានមកឈប់ក្បែររួចបានធាក់ម៉ូតូពួកគេមួយគ្រឿងបណ្ដាលឲ្យដួល រួចក៏នាំគ្នាចុះមកវាយទៅលើពួកគេបណ្ដាលឲ្យត្រូវម្នាក់ចំក្បាលរងរបួស ដោយពួកគេមិនអស់ចិត្តក៏នាំគ្នាចុះទៅវាយកំទេចម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បន្ទាប់មកពួកក្មេងស្ទាវមួយក្រុមទាំងនោះក៏នាំគ្នាបានជិះម៉ូតូ និងកង់បីគេចខ្លួនបាត់ស្រមោល។ចំណែករងគ្រោះបានស្រែកផ្អើលឆោឡោររត់មកឲ្យសមត្ថកិច្ចប្រចាំការនៅខាងក្រោមស្ពានអាកាសាដីហុយជួយអន្តរាគមន៍ ចំណែកអ្នករងរបួសត្រូវបានមិត្តភក្កិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយមកសមត្ថកិច្ចក៍បានធ្វើការសួរនាំទៅលើជនរងគ្រោះរួចក៏នាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការសាវជ្រាវរកក្រុមក្មេងស្ទាវទាំងអស់នោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម