
ភ្នំពេញ: បុរសម្នាក់បើករថយន្ត Ford Ranger មួយគ្រឿងបុកគ្នាជាមួយរថយន្តកូរ៉េដឹកសត្វមាន់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបណតប៊្រីតតាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវណតប៊្រីត ស្ដិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកូរ៉េដឹកសត្វមាន់មួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខកណ្តាល3A-0824ធ្វើដំណើរតាមបណ្ដោយផ្លូវណតប៊្រីតទិសដៅពីរជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AW-8554បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើត ជ្រុលទៅបុកជាមួយនឹងរថយន្តកូរ៉េពីជំហៀងផ្នែកខាងក្រោយខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្ត Ford រងការខូចខាតមួយកំណត់មុខយ៉ាងដំណំ ចំណែករថយន្តកូរ៉េរងការខូចខាតបន្តិចបន្តួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់