ភ្នំពេញ ៖ គ្រោះអគ្គីភ័យមួយបានឆាបឆេះតូបលក់ដូរផ្សារតូច(ទួលសង្កែ)យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនសហការគ្នាដងទឹកជះពន្លត់ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៩០១ ក្រុមទី៤ ភូមិចុងខ្សាច់ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញមានអណ្ដាតភ្លើងឆេះចេញពីតូបលក់កាហ្វេ ហើយក៏រាលដាលដល់តូបជាប់ៗគ្នា ទើបមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋរស់នៅជិតខាងចេញមក ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យ យកធុង យកទុយោទឹកតូចៗតាមផ្ទះ និងសហការគ្នាយ៉ាងសស្រាក់ សស្រាំ ទម្រុះទ្វារ ជះនិងបាញ់ទឹកពន្លត់ ។ មួយសន្ទុះក្រោយមកទើបមានកម្លាំងជំនាញចេញរថយន្តបង្ការ និងសង្គ្រោះអគ្គីភ័យចុះមកដល់កន្លែងកើតហេតុធ្វើការបាញ់ទឹកពន្លត់ ។
ក្នុងករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយប្រើពេលជិត១ម៉ោង មានទាំងបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចសហការគ្នាបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ ។ ចំពោះការខូចខាតតូបអស់ចំនួន០៩តូប តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ៕ដោយ កុសល់