ភ្នំពេញ: រថយន្តសង្គ្រោះបន្ទាន់មន្ទីរសម្រាកព្យាបាល និងសម្ភព ខ្មែរ មេឌីឃែរ មួយគ្រឿងបានដឹកអ្នកជំងឺកូនក្មេងម្នាក់ ប្រញាប់យកទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋមូយកន្លែង បានបុកជាមួយរថយន្តព្រូស បត់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ ចំណែកអ្នកជំងឺត្រូវបានបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះបន្ត។
ហេតុការណ៍ថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង ៥០នាទីយប់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ត្រង់ចំណុចភ្លើងស្តុបថ្មី)តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ការកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តសង្គ្រោះបន្ទាន់មន្ទីរសម្រាកព្យាបាល និងសម្ភព ខ្មែរ មេឌីឃែរ មួយគ្រឿងគ្មានស្លាកលេខ បានដឹកអ្នកជំងឺកូនក្មេងម្នាក់ ចេញពីម្ដុំផ្លូវជាតិលេខ៣ ប្រញាប់យកទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋមួយកន្លែង ក្នុងក្រុងភ្នំពេញ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត ដោយបើកសារ៉ែននិងភ្លើងសុំផ្លូវផងដែរ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តតូយ៉ូតា ព្រូស មួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AV-4597ដោយធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីកើតទៅលិចហើយបត់ឆ្វេងដៃចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយខ្វះការប្រុងប្រយ័ត្ន ចំបញ្ឆិតផ្នែកខាងមុខខាងឆ្វេង ពេញទំហឹងបណ្ដាលរថយន្តព្រូសវិលមួយជុំ និងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។ភ្លាមនោះគេឃើញអ្នកជំងឺជាកូនក្មេងដែលរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ បានដឹកតាមម៉ូតូកង់បីដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយ កុសល់