More

    គណៈបញ្ជាការឯកភាពស្រុកបាណន់ ចុះអនុវត្តរុះរើតូលក់ដូរ ក្រោយផុតថ្ងៃឱសានវាទ

    spot_img

     

    ខេត្តបាត់ដំបង! ក្រោយផុតថ្ងៃឱសានវាទ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកបាណន់ ដែលដឹកនាំដោយលោក ស្រេង សុខា ជាអភិបាលស្រុក បានចុះអនុវត្តរុះរើសំណង់ រោង តូបលក់ដូរផ្សេងៗស្ថិតនៅចំណុចផ្លូវចូលរមណីយដ្ឋានប្រាសាទបាណន់ ដើម្បីរៀបចំឡើងវិញនូវសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងទេសចរអន្តរជាតិអោយមកកម្សាន្តលេងច្រើននៅតំបន់ទេសចរណ៍ប្រាសាទភ្នំបាណន់មួយនេះ។

    លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានមានប្រសាសន៍ថា មុននិងចុះអនុវត្តរុះរើនេះគឺខាងអាជ្ញាធរបានចុះជូនដំណឹងទុកពេលដល់ពួកគាត់យូរហើយតាំងពីខែពីរមកម្លេះ ហើយការចុះរៀបចំថ្ងៃនេះគឺយើងផ្តោតសំខាន់តែក្នុងតំបន់រមណីយដ្ឋានប្រាសាទភ្នំបាណន់ ផ្លូវចូលខាងមុខផ្នែកខាងឆ្វេងដៃ ដោយអនុវត្តទៅតាមផែនការរបស់គណៈកម្មការគ្រប់គ្រងតំបន់រមណីយដ្ឋានភ្នំបាណន់ដែលមានឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តជាប្រធាន។

    លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា តំបន់ប្រាសាទបាណន់នេះ គឺយើងរៀបចំជាតំបន់គោលទេសចរដ៏សំខាន់ដោយបន្ទាប់ពីក្រុងបាត់ដំបងមក ព្រោះយើងសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តខេត្តបាត់ដំបង គឺមិនភ្លេចស្រុកបាណន់ទេ គឺតែងតែមកដល់ស្រុកបាណន់នេះ អញ្ចឹងហើយទើបកន្លងមករដ្ឋបាលស្រុកបាណន់តែងតែធ្វើការរៀបចំសណ្តាប់ធ្នាប់ កាត់តូប កាត់រោងចេញពីចញ្ចើមផ្លូវជាបន្តបន្ទាប់រួចមកហើយដែរ ហើយបងប្អូនមួយភាគធំក៏បានចូលរួម នៅសល់តែមួយភាគតូចប៉ុណ្ណោះ។

    ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅក្នុងតំបន់រមណីយដ្ឋាននេះដែលចាប់ពីផ្លូវ15.71ផ្លូវកៅស៊ូរហូតចូលទៅដល់ចណ្តើរប្រាសាទគឺសូមរុះរើទាំងអស់ ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរទាំងអស់សូមមេត្តាចូលរួមរៀបចំបញ្ហាអនាម័យសំអាតសំរាមនេះគ្រប់គ្រងអោយបាន ពីព្រោះស្រុកបាណន់យើងជាស្រុកគោលដៅនៃការប្រឡងប្រណាំងដើម្បីដណ្ដើមយកពានទីក្រុងស្អាត ដូច្នេះសូមបងប្អូនទាំងអស់ចូលរួមបរិស្ថាន អនាម័យសោភ័ណភាព សណ្តាប់ធ្នាប់អោយមានរបៀបរៀបរយដើម្បីទទួលបាននូវភ្ញៀវទេសចរជាតិ ទេសចរអន្តរជាតិ ដែលជាកំណើនសេដ្ឋកិច្ចមួយរបស់ជាតិផងដែរ។ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img