កោះកុង៖ តបតាមការចង្អុលបង្ហាញរបស់លោកជំទាវអភិបាលខេត្តកោះកុង, លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាការងារ ដែលមានសមាសភាពចូលរួម ពីមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត និងអ្នកពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារអភិវឌ្ឍន៍អាស៊ី (ADB) លើករៀបចំគម្រោង “ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរ ភាព”។
កិច្ចជំនួបប្រជុំ ពិភាក្សាបានផ្តោតទៅលើការរៀបចំផែឡើងផលនេសាទ ចំនួន ០២ក្នុងខេត្តកោះកុង
-ការរៀបចំទីស្នាក់ការតំបន់ការពារធម្ម ជាតិ/ទីស្នាក់ការឧទ្យានុរក្ស ក្នុងទីតាំងគម្រោង តាមសំណើសមាសភាគគម្រោងរបស់ក្រសួងបរិស្ថាន
-ការរៀបចំអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត និងជនបង្គោលផ្នែកគាំពារបរិស្ថាន និងសុវត្ថិភាពសង្គម
ក្នុងកិច្ចប្រជុំជាលទ្ធផល សម្រេចបានដូចខាងក្រោម៖
១-បានកំណត់យកទីតាំងផែឡើងផលនេសាទ ចំនួន ០២ ក្នុងនោះ៖ ១.ផែនេសាទកោះខ្យង ស្ថិតនៅភូមិកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល និងទី ២.ផែននេសាទចំការលើ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ
ជាមួយគ្នានេះ អាជ្ញាធរខេត្ត បានណែនាំឲ្យមន្ទីរបរិស្ថានខេត្ត ពន្លឿនដំណើរការសិក្សា និងកំណត់យកទីតាំងសាងសង់ទីស្នាក់ការតំបន់ការពារធម្មជាតិ/ទីស្នាក់ការឧទ្យានុរក្ស។
-ភាគីទីភ្នាក់ងារអភិវឌ្ឍន៍អាស៊ី ទទួលយកទៅពិភាក្សាបន្ថែមជាមួយក្រុមការងារបច្ចេកទេសតាក់តែងគម្រោង។
ក្នុងឱកាសនោះដែរ ក្នុងនាមរដ្ឋបាលខេត្ត លោក លឹម សាវាន់ នាយករដ្ឋបាលខេត្ត រួមជាមួយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ បានសំដែងននូវការបេ្តជ្ញាផ្តល់ការគាំទ្រពេញទំហឹងនូវលទ្ធផល នៃការសិក្សារៀបចំគម្រោងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារអភិវឌ្ឍន៍អាស៊ី (ADB) និងរីករាយសហការ-អនុវត្តគម្រោង ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល តាមការរំពឹងទុក៕ រូបភាព និងអត្ថបទ៖ ញុឹប សន