ទំព័រដើម ទំព័រដើម ពលរដ្ឋអាស្រ័យផលដីចម្ការ នៅភូមិកោះស្រឡៅ គ្រោងស្នើអាជ្ញាធរចេញប្លង់ដី ជូនពួកគាត់

ពលរដ្ឋអាស្រ័យផលដីចម្ការ នៅភូមិកោះស្រឡៅ គ្រោងស្នើអាជ្ញាធរចេញប្លង់ដី ជូនពួកគាត់

- ពាណិជ្ជកម្ម -

កោះកុង ៖ ប្រជាពលរដ្ឋជាង៣០គ្រួសារ រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ស្នើឲ្យអាជ្ញាធរជួយកាត់ឆ្វៀល ចេញប្លង់កម្មសិទ្ធិដីអាស្រ័យផលជូនពួកគាត់ ប្រមាណជាង៣០ហិចតា នៅចំណុចភ្នំកោះស្រឡៅ ខណៈដែលពួកគាត់អះអាងថា បានអាស្រ័យផលជាក់ស្តែងជិត២០ឆ្នាំមកហើយ។

ពលរដ្ឋម្នាក់ឈ្មោះ ចាប ស្រី ស បានលើកឡើងថា ពួកគាត់ដែលជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិឃុំខាងលើ បាននាំគ្នាដាំដុះដំណាំជាច្រើនប្រភេទ នៅលើភ្នំកោះស្រឡៅ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ខាងអាជ្ញាធរក៏ បានដឹងឮ និងមិនមានការហាមឃាត់ពួកគាត់ដែរ ថែមទាំងបានលើកទឹកចិត្ត ឲ្យពួកគាត់បន្តដាំដុះ ឲ្យកាន់តែច្រើនថែមទៀត តែស្រាប់តែពេលថ្មីៗនេះ មិនដឹងបណ្តាលមកពីមូលហេតុអ្វី បានជាក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីបរិស្ថាន បែរជាមកដេញពួកគាត់ ឲ្យរុះរើផ្ទះសំបែងចេញពីដី ដែលបានដាំដុះទាំងនោះ ធ្វើឲ្យពួកគាត់លំបាក ប្រឈមនឹងការបាត់បង់ដីចម្ការ ដែលខំចំណាយពេលដាំដុះ និងមើលថែររាប់ឆ្នាំមកហើយ។ ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋបាន ស្នើរឲ្យអាជ្ញាធរខេត្តកោះកុង មេត្តាជួយសម្រួលរៀបចំកាត់ឆ្វៀល និងផ្តល់ឯកសារកម្មសិទ្ធិដីជូនពួកគាត់ ដើម្បីឲ្យពួកគាត់មានសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការដាំដុះលើដីចម្ការទាំងនោះបន្តទៀត ព្រោះថាពួកគាត់សព្វថ្ងៃជាប្រជាជនក្រីក្រ មានជីវភាពខ្វះខាតខ្លាំង រក១ថ្ងៃហូប១ថ្ងៃ រស់ត្រូវពឹងលើរបរកសិកម្ម ចម្ការដាំដុះនេះ បន្ទាប់បន្សំខ្លះ ទើបអាចទប់ទល់នឹងការចំណាយលើជីវភាពបាន។

ពួកគាត់បានលើកឡើងទៀតថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកោះកុង ពួកគាត់បានលើកឡើងពីសំណូមពរ សុំឲ្យអាជ្ញាធរជួយរៀបចំកាត់ឆ្វៀលដី ក្នុងតំបន់ខាងលើជូន ហើយខាងអាជ្ញាធរស្រុកបានបញ្ជាក់ប្រាប់ពួកគាត់វិញថា អាជ្ញាធរនឹងលើកយកបញ្ហានេះ ទៅធ្វើការប្រជុំនៅថ្នាក់ស្រុក ហើយនឹងផ្តល់ចម្លើយមកវិញតាមរយៈ មេឃុំកោះកាពិ តែមកដល់ពេលនេះ ពួកគាត់នៅមិនទាន់ទទួលបាន ដំណឹងល្អពីមេឃុំនៅឡើយទេ ខណៈដែលការអាស្រ័យផល លើដីចម្ការនេះ មន្ត្រីបរិស្ថាននៅតែបន្តការហាមឃាត់ដដែល។

ជុំវិញបញ្ហាខាងលើ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានបញ្ជាក់តាមទូរស័ព្ទថា លោក ស្រី មិនអាចឆ្លើយតបបានទេ លើបញ្ហាដីធ្លីខាងលើនេះ ព្រោះវាជាបញ្ហាធំហួសសមត្ថភាព របស់អ្នកស្រី។

ដោយឡែកលោក ជា សាវី អភិបាលស្រុកកោះកុង បានបញ្ជាក់ដែរថា ដីខាងលើ គឺស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដូច្នេះគួរសួរទៅខាងមន្ទីរបរិស្ថានវិញទើបច្បាស់ជាង។

ចំពោះលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងដែរថា ដីខាងលើ គឺស្ថិតក្នុងតំបន់អភិរក្ស ហើយលោកក៏កំពុងរៀបចំចាត់មន្ត្រីបរិស្ថានចុះទៅពិនិត្យ និងធ្វើបច្ចុប្បន្នភាពផងដែរ៕ រូបភាព និងអត្ថបទ៖ ញ៉ិបសន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម