More

    ក្រុមមន្ត្រីជំនាញបច្ចេកទេស បើកវគ្គសិក្ខាសាលាស្តីពី កាតព្វកិច្ចគណនយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់សហគ្រាសខេត្តព្រះសីហនុ

    spot_img

    ព្រះសីហនុ៖ពិធីសិក្ខាសាលាស្ដីពី «កាតព្វកិច្ចគណនយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់សហគ្រាសខេត្តព្រះសីហនុ» ដើម្បីសិក្សាស្វែងយល់អំពីច្បាប់ដែលនឹងបង្ហាញជូនដោយក្រុមមន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់ នៃនិយ័តករគណនេយ្យ និងសវនកម្ម នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម រួមទាំងលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សហជិកាទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ព្រមទាំងម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករអាជីវករ ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមផងដែរ។

    នាឱកាសនោះផងដែរលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានមានប្រសាសន៍ ក្នុងពិធីសិក្ខាសាលា«កាតព្វកិច្ចគណនយ្យ និងសវនកម្ម និងបញ្ញត្តិពាក់ព័ន្ធសម្រាប់សហគ្រាសខេត្តព្រះសីហនុ»បានឱ្យដឹងថា សភាពាណិជ្ជកម្មខេត្តព្រះសីហនុគឺជាផ្នែកមួយដ៏សំខាន់ នៃសភាពាណិជ្ជកម្មកម្ពុជាតំណាងឱ្យវិស័យឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក៏ដូចជានៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកំណត់យ៉ាងច្បាស់ថាវិស័យឯកជនគឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច ហើយក្នុងន័យនេះ សភាពាណិជ្ជកម្មខេត្តព្រះសីហនុគឺជា តំណាងវិស័យឯកជនក្នុងខេត្តព្រះសីហនុ ដែលមានតួនាទីគន្លឹះនៅក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងខេត្តព្រះសីហនុ ចូលរួមក្នុងការធ្វើឱ្យសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្ម មូលដ្ឋានផលិតកម្ម និងសេវាកម្ម តាមរយៈដំណើរការអាជីវកម្មផ្សេងៗប្រកបដោយទំនួលខុសត្រូវ និងតម្លាភាព។

    ហើយក្នុងនោះផងដែរលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានមានប្រសាសន៍បន្តទៀតថាក្នុងឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានសហការជាមួយនឹងស្ថាប័នថ្នាក់ជាតិផ្សេងៗព្រមទាំងបានបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីច្បាប់ និយ័តកម្មបទដ្ឋានគតិយុត្តិសំខាន់ៗមួយចំនួនដល់ សមាជិក សមាជិកា ពាណិជ្ជករ អាជីវករ សេវាករ ក្នុងគោលដៅជាក់លាក់ ដើម្បីជួយដល់វិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដំណើរការមុខរបររបស់ខ្លួនឱ្យបានត្រឹមត្រូវ ចៀសផុតពីហានិភ័យផ្លូវច្បាប់មួយចំនួនដែលអាចកើតមានឡើងជាយថាហេតុ ហើយចំណេះដឹងទាំងអស់នេះផ្តល់ផលប្រយោជន៍ដល់សមាជិក សមាជិកា ពាណិជ្ជករ អាជីវករ សេវាករ ទាំងអស់ឱ្យមានការប្រកួតប្រជែងដោយស្មើភាពជាមួយនឹងការបង្កើនគុណភាពផលិតផល និងសេវា ក្នុងគ្រប់ផ្នែកនៃសេដ្ឋកិច្ច។

    នាឱកាសនោះផងដែរឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម បានមានប្រសាសន៍ ណែនាំនិងកោតសរសើរក្នុងការសហគ្រាសដែលសិក្ខាសាលានេះបានរៀបចំដោយ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសភាពាណិជ្ជកម្មសាខាខេត្តព្រះសីហនុ ដែលបានខិតខំរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឱ្យលេចចេញជារូបរាងឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមទៀត ដល់នាយកក្រុមហ៊ុន សហគ្រាស និងអ្នកដែលមានការទទួលខុសត្រូវលើកិច្ចការគណនេយ្យនិងហិរញ្ញវត្ថុនៅតាមសហគ្រាសនានា អំពីច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសកាតព្វកិច្ចជាសារវន្តចំនួន៣ ដែលក្នុងនោះរួមមាន ៖
    ទី១-ការកាន់បញ្ជីគណនេយ្យ។
    ទី២-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារជាធរមាន។
    ទី៣-ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យតាមលក្ខខណ្ឌកំណត់តាមច្បាប់ ។
    ហើយជាការពិត(ន.គ.ស)ធ្លាប់បានរៀបចំសិក្ខាសាលានេះជូនសមាជិកសភាពាណិជ្ជកម្មនៅភ្នំពេញ កាលពីពេលកន្លងទៅតាមប្រព័ន្ធអនឡាញព្រោះពេលនោះ កាលៈទេសៈមិនអំណោយផលក្នុងការរៀបចំដោយផ្ទាល់ ដែលយើងជួបនូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។

    ជាមួយគ្នានោះឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម បានបន្តទៀតថាការរៀបចំសិក្ខាក្រោមប្រធានបទនេះសម្រាប់សហគ្រាសក្នុងខេត្តព្រះសីហនុនេះក៏មិនមែនជាលើកទី១ដែរ មានន័យថា និយ័តករគណនេយ្យ និងសវនកម្ម ធ្លាប់បានរៀបចំដើម្បីផ្សព្វផ្សាយជាច្រើនលើកផងដែរទាំងនៅភ្នំពេញ និងបណ្តាខេត្តផ្សេងៗនាពេលកន្លងមក ហើយក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានរំលេចនូវទិសដៅចម្បង៤ គឺកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ព្រមទាំងបានបង្ហាញយ៉ាងច្បាស់នូវគោលបំណងចម្បងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននិងការរក្សានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រួមទាំងកិច្ចអភិវឌ្ឍន៍សង្គមកិច្ចមួយដ៏រឹងមាំនិងជានិរន្តន៍ ដែលធានាកម្រិតជីវភាព និងសុខដុមភាពរបស់ប្រជាជនឱ្យប្រសើរឡើងជាលំដាប់ ដោយនៅក្នុងវិស័យគណនេយ្យ និងសវនកម្មបានដើរ តួនាទីយ៉ាងសំខាន់និងជារបៀបវារៈអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការធានាបាននូវគណនេយ្យភាព,តម្លាភាព និងអភិបាលកិច្ចល្អ៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img