ទំព័រដើម ទំព័រដើម អភិបាលខេត្តព្រះសីហនុចាត់វិធានការក្ដៅ ចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀត ក្នុងករណីរកឃើញនិង...

អភិបាលខេត្តព្រះសីហនុចាត់វិធានការក្ដៅ ចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀត ក្នុងករណីរកឃើញនិង…

- ពាណិជ្ជកម្ម -

 

នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិភាក្សាលើករណីការបាញ់សម្លាប់ជនជាតិចិនចំនួន ២ នាក់ នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចខេត្ត បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ និងតាមប្រម៉ាញ់ស្រាវជ្រាវរកជនបង្ក។ ជាលទ្ធផលគិតត្រឹមម៉ោងនេះ កម្លាំងគណៈបញ្ជាការរដ្ឋបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យមួយចំនួនយកមកធ្វើសាកសួរតាមនីតិវិធី និងបន្តតាមស្រាវជ្រាវរកជនដៃដល់ផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ សូមជម្រាបជូនថា ការសន្និដ្ឋានជំហ៊ានដំបូង ករណីបាញ់សម្លាប់គ្នានេះ គឺពាក់ព័ន្ធនឹងទំនាស់ជំពាក់ប្រាក់។

ផ្តើមចេញពីការបាញ់សម្លាប់គ្នានេះ គណៈបញ្ជាការរដ្ឋបាលខេត្ត បានដាក់ចេញនៅវិធានការដាច់ណាត់ ចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀត ក្នុងករណីដែលរកឃើញមាន ការបាញ់សម្លាប់ ការចាប់បង្ខាំង ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ នោះអាជ្ញាធរខេត្ត នឹងធ្វើការបិទផ្អាកអាជីវកម្ម និងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីដកអាជ្ញាប័ណ្ណជាស្ថាពរ លែងឱ្យប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុតទៅទៀត។ ដោយឡែកចំពោះជនល្មើសដែលឃាត់ខ្លួនបាន នឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការលើកលែងឡើយ។

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម