More

    ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋងាប់ជាបន្តបន្ទាប់ ដោយសារប្រធានសហគមន៍អនុញាតិ ឲ្យមានការចាក់ដីចូលព្រៃលិចទឹកតំបន់ព្រែកបី

    spot_img

    ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ទំនប់រលក កាលពីពេលថ្មីៗនេះ បានស្នើរឲ្យអាជ្ញាធរចាត់វិធានការលើឈ្មួញ និងប្រធានសហគមន៍ ដែលបាននាំគ្នា ចាក់ដីចូលព្រៃលិចទឹកនៅតំបន់ព្រែកបី ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ បណ្តាលឲ្យបាត់បង់ធនធានធម្មជាតិ ប៉ះពាល់ដល់បរិស្ថាន និងជាពិសេសធ្វើឲ្យត្រីចញ្ចឹមរបស់ពួកគាត់ងាប់អស់ជាច្រើនក្បាល ខណៈដែលការចាក់ដីលុបចូលព្រែកនេះ ធ្វើឡើងទាំងបំពានច្បាប់។ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកដែលអនុញ្ញាតឲ្យមានការចាក់ដី ចូលព្រៃលិចទឹក និងព្រែកបែបនេះ គឺជាប្រធានសហគមន៍តែម្តង និងជាមេភូមិថែមទៀត ទើបការងារធ្វើទៅបានដោយរលូន។

    ក្រោយពីទទួលបានព័ត៌មានបែបនេះលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានចាត់ឲ្យលោក អ៊ុង ឆាលី អភិបាលរងស្រុក ដឹកនាំក្រុមការងារចម្រុះ ចុះទៅពិនិត្យទីតាំងផ្ទាល់កាលពីថ្ងៃទី២៩ ខែកក្កដានេះ ហើយពិនិត្យឃើញថាការចាក់ដីលុបព្រៃលិចទឹក នៅតំបន់ខាងលើ គឺធ្វើឡើងដោយមិនមានច្បាប់អនុញ្ញាតនោះឡើយ។
    ជាមួយគ្នានេះក្រុមការងារបានសាកសួរទៅកាន់លោក គីម ហាក់ ដែលជាមេភូមិ១ ឃុំទំនប់រលក និងជាប្រធានសហគមន៍ពាក់ព័ន្ធនឹងការចាក់ដីខាងលើ លោក គីម ហាក់ បានលើកឡើងថា ចំពោះសកម្មភាពចាក់ដីទាំងនេះ បានកើតមានចំនួនពីរថ្ងៃមកហើយ ដោយបានជួលគ្រឿងចក្រ និងទិញដីពីក្មួយរបស់លោក ចំពោះឯកសារពាក់ព័ន្ធកំពុងសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ តែមិនទាន់បាន។

    ដោយឡែកលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានលើកឡើងថាចំពោះសកម្មភាពខាងលើនេះគឺពុំមានច្បាប់អនុញ្ញាតនោះទេ ដោយតម្រូវឱ្យអនុវត្តតាមនីតិវិធីច្បាប់។

    ចំណែកលោក អ៊ុង ឆាលី អភិបាលរងស្រុក និងជាប្រធានក្រុមការងារដឹកនាំការចុះត្រួតពិនិត្យនេះ បានលើកឡើងថា ដោយមានការពិភាក្សាជាមួយមន្ត្រីជំនាញជលផល និងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋក្រុមការងារ បានសម្រេចឲ្យខាងគ្រឿងចក្រផ្អាក និងបញ្ឈប់សកម្មភាពចាក់ដីលុបព្រៃលិចទឹកនេះបន្តទៀត ហើយតម្រូវឱ្យកាយដីដែលបានចាក់រួចនេះចេញវិញ នៅពេលផុតរដូវវស្សា។

    ជុំវិញការបណ្តែតបណ្តោយឲ្យសែស្រឡាយ ចាក់ដីលុបព្រៃលិចទឹក និងចូលព្រែកខាងលើ ក្រុមការងារសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺ ពីលោក គីម ហាក់ ដែលជាមេភូមិ១ និងជាប្រធានសហគមន៍ បាននៅឡើយទេ អំពីការដែលលោកអនុញ្ញាតឲ្យមានការបំពានច្បាប់បែបនេះ ដោយសារតែទូរស័ព្ទពុំអាចទំនាក់ទំនងបាន។

    យ៉ាងណាក៏ដោយប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ខាងលើ បានសម្តែងការអន់ចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ខណៈដែលការចាក់ដីចូលព្រៃលិចទឹកនេះ ពួកគាត់បាននិយាយថា វានាំឲ្យត្រីដែលពួកគាត់ចិញ្ចឹមក្នុងទឹកក្បែរនោះរាប់រយក្បាល បានងាប់អស់ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋដដែល បានសំណូមពរឲ្យអាជ្ញាធរ គួរចាត់វិធានផ្លូវច្បាប់លើក្រុមអ្នកប្រព្រឹត្ត និងអ្នកចូលរួមជាបន្ទាន់ ដោយមិនបាច់ចាំយូឡើយ ដើម្បីជួយផ្តល់យុត្តិធម៌ជូនពួកគាត់ និងជាពិសេសផ្តល់ជាមេរៀន ដល់អ្នកដែលចាក់ដីបំពានច្បាប់ និងបំផ្លាញធនធានធម្មជាតិបែបនេះ៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img