More

    នីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូល តែមួយនៃរដ្ឋបាលឃុំ-សង្កាត់…

    spot_img

     

    ពីខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានបើកកិច្ចប្រជុំណែនាំផ្សព្វផ្សាយស្តីពីបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូល តែមួយនៃរដ្ឋបាលឃុំ-សង្កាត់ នៅសាលាក្រុងព្រះសីហនុ។ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក លោក លោកស្រី មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ព្រមទាំងសមាជិក សមាជិកាផងដែរ។

    នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ដែលបានកំណត់នៅក្នុងសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំ
    និងមន្ត្រីពាក់ព័ន្ធរដ្ឋបាល ក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តព្រះសីហនុរបស់យើងអំពីការរៀបចំយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាល ឃុំ-សង្កាត់នីមួយៗ សំដៅដាក់ឱ្យដំណើរការយន្តការនេះឱ្យបានឆាប់រហ័សនៅក្រោយពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ក្នុងអាណត្តិថ្មីចូលកាន់តំណែង។

    ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវឆន្ទៈយ៉ាងមោះមុតលើការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវពីក្រសួង-ស្ថាប័ននៅថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅបង្ខិតការធ្វើសេចក្ដីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈជាមូលដ្ឋាននិងចាំបាច់នានាឱ្យទៅកៀកជិតប្រជាពលរដ្ឋ ការរៀបចំ និងដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាល។

    ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរនិងសូមថ្លែងអំណរគុណ ដោយស្មោះចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត
    ប្រាជ្ញាស្មារតី ប្រឹងប្រែងរួមចំណែកគាំទ្រដល់ កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ៕។(អត្ថបទសម្របសម្រួលដោយ វ៉ាន់ នី)

    spot_img

    អត្ថបទទាក់ទង

    spot_img