(ព្រះសីហនុ)៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារជាសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងអាជ្ញាធរពាក់ព័ន្ធមន្ត្រីរាជការប្រជាពលរដ្ឋជុំវិញខេត្ត ។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម សាយ សំអាល់ បានខិតខំដោះស្រាយបញ្ហាប្រឈមធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ក្រុម ការងារ ដែលបានគាំទ្ររៀបចំកម្មវិធីយ៉ាងធំធេង ទោះបីមានការរំខានដោយសារអាកាសធាតុក៏ដោយ ជូនចំពោះប្រជាជន មហាជនក្នុងភូមិសាស្ត្រ ធ្វើ ការដឹកនាំសង្គមជាតិមានស្មាដៃល្អ និងមានការអភិវឌ្ឍ កសាងសន្តិភាព ជម្រុញកំណើនសេដ្ឋកិច្ចសង្គម នេះជាសមិទ្ធិផលយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។ ថ្ងៃនេះសមាជិក សមា ជិកានៅទូទាំងប្រទេសបានជួបជុំគ្នាផ្សព្វផ្សាយគោលនយោបាយគណ បក្ស ដើម្បីឱ្យពួកគាត់មានលទ្ធភាពបំរើការងារស្មោះត្រង់បំរើប្រជាជន។ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចូលរួមការពារសុខមាលភាពសាធារណជូនបងប្អូននៅមូលដ្ឋាន នេះជាស្មាដៃនិងការលះបង់ជួយសង្រ្គោះប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបញ្ជាក់ទៀតថា បន្ទាប់ពីការហែក្បួន ស្មើសុំឱ្យក្រុមការងារត្រូវផ្សារភ្ជាប់ជាមួយសមាជិក សមាជិកានៅមូលដ្ឋាន ចុះតាមខ្នងផ្ទះ ដើម្បី អបអរសាទរនៃការរៀបចំឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យទទួលបានលទ្ធផលផ្លែផ្កានៅពេលខាងមុខ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារជាសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាលបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់សមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងអំឡុងពេលមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅ ដែលធ្វើឱ្យគណបក្សទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។
ឯកឧត្តម សាយ សំអាល បានបន្តទៀតថាបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់ពេញដៃទាំងស្រុងនូវអំណាចនយោបាយ។ ស្ថានភាពដ៏កម្រនេះបានផ្តល់អំណោយផលបំផុតសម្រាប់ ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បើគិតពីឆ្នាំ១៩៩៣មក ធ្វើឱ្យសង្គមជាតិបន្តរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ។
ប្រធានក្រុមការងារ បានគូសបញ្ជាក់បន្ថែមថា គោលនយោបាយច្បាស់លាស់ ប្រាកដប្រជារបស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយគឺឱ្យកម្ពុជាកាន់តែឈានឆ្ពោះរីកចម្រើនទៅមុខបន្ថែមទៀត ហើយមានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។
លើសពីនេះឯកឧត្តម សាយ សំអាល់ បានបន្តថា ជាក់ស្តែង ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើប្រជាពលរដ្ឋទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជាឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យ ជាមួយនឹងការបើកដំណើរការប្រទេសជាតិ និងសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវគោលនយោបាយជាអាទិភាពសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ជាមួយនឹងកិត្យានុភាព កិត្តិយស រដ្ឋឯករាជ្យ អធិបតេយ្យ មួយនៅក្នុងតំបន់ និងអន្តរជាតិ។
ជាមួយគ្នានោះឯកឧត្តម សាយ សំអាល់ សូមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈភាពរបស់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ គ.ជ.ប ស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលបានសហការ សម្របសម្រួលសព្វបែបយ៉ាង ធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា កើតមានឡើង៕ដោយ កុសល់