សាខាកក្រកខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឱ្យ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០១គ្រួសារ ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មានប្រសាសន៍នាឱកាសនោះលោកជំទាវ ប្រាក់ ច័ន្ទសុខា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ហើយលោកជំទាវបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកជំទាវបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់គ្រួសារប្អូនស្រីឡើយ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់គ្រួសារប្អូនស្រីបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ។
ក្នុងឱកាសនេះដែរលោកជំទាវ ក៏បានក្រើនរំឮក និងអំពាវនាវសូមឱ្យគ្រួសាររងគ្រោះត្រូវចេះការពារ កុំការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ ខ្លួនពីជំងឺ COVID-19 (អូមីក្រុង) ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ជែល ១ដប ម៉ាស់ក្រណាត់ ១កញ្ចប់ អាវ ១កញ្ចប់ តង់១ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៤០ម៉ឺនរៀល៕ដោយ វាន់នី