ទំព័រដើម ទំព័រដើម ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ អាណត្តិទី៥ មូលដ្ឋានក្រុងព្រះសីហនុ.!

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ អាណត្តិទី៥ មូលដ្ឋានក្រុងព្រះសីហនុ.!

- ពាណិជ្ជកម្ម -

 

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

នាឱកាសនោះ លោក កាន ឡឹង ចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
-ខិតខំ ត្រង់ត្រាប់ និងអនុវត្តខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

-អនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាល ជាពិសេសតាមការណែនាំរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបបទប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

-ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសទិសដៅ និងផែនការសកម្មភាពការងារ របស់រដ្ឋបាលសង្កាត់លេខ៣ ដែលបានដាក់ចេញ។

-ខិតខំយកចិត្តទុកដាក់ចូលរួមគ្រប់សកម្មភាព ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ បង្កើតសាមគ្គីផ្ទៃក្នុង និងបង្កើតការទំនាក់ទំនង សហការ ក្នុងការបំពេញការងារជាមួយសមាជិកក្រុមប្រឹក្សា ក្រុមប្រឹក្សាសង្កាត់នានាក្នុងក្រុង និងបណ្តាមន្ទីរអង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន ដែលបាននឹងកំពុងធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចសង្កាត់លេខ៣ ឱ្យបានល្អប្រសើរ ដើម្បី
អភិវឌ្ឍន៍ អភិបាលកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

-យកចិត្តទុកដាក់ក្នុងការបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់កំណត់ ដើម្បីអភិវឌ្ឍសង្កាត់លេខ៣ ឱ្យមានការកែប្រែមុខមាត់ថ្មី សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។

-ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា នូវបទល្មើសគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ ចុះបង្ក្រាបក្មេងទំនើងដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម ផ្តល់ភាពកក់ក្តៅ និងភាពសុខសាន្តក្នុងការរស់នៅជូនប្រជាពលរដ្ឋតាមរយៈការជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានោះ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ទាំងអស់ មេត្តាយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។

លោក អ៉ី សុខឡេង ក៏សូមស្នើក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ក៏ដូចជាគណបក្សនយោបាយនានា និងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងាររួមគ្នា ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម សម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត៕ដោយ វាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម