ទំព័រដើម ទំព័រដើម បែកធ្លាយអតីតមន្ត្រីរាជការម្នាក់ និងប្រជានេសាទ ឈ្លោះគ្នាដណ្តើមដីកោះស្វាយ ដែលជាដីរបស់រដ្ឋ

បែកធ្លាយអតីតមន្ត្រីរាជការម្នាក់ និងប្រជានេសាទ ឈ្លោះគ្នាដណ្តើមដីកោះស្វាយ ដែលជាដីរបស់រដ្ឋ

- ពាណិជ្ជកម្ម -

កែប៖ រឿងអតីតមន្ត្រីរាជការម្នាក់ និងប្រជានេសាទ ដណ្តើមគ្នាយកដីកោះស្វាយ ដែលស្ថិតក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៅមិនទាន់បញ្ចប់នៅឡើយទេ ខណៈភាគីម្ខាងៗមានហេតុផលអះអាងរៀងៗខ្លួន។

លោក លេន ឌី ជាប្រជានេសាទម្នាក់រស់នៅ តំបន់ដីកោះខាងលើ បានលើកឡើងដោយអះអាងថា រូបលោកនឹងក្រុមគ្រួសារ បានមករស់នៅលើដីកោះស្វាយនេះ ជាយូណាស់មកហើយជាមួយនឹងលោកតារបស់ខ្លួន ហើយក៏បានទទួលសិទ្ធិកាន់កាប់ និងអាស្រ័យផល​បន្តពីលោកតារបស់ខ្លួន ឈ្មោះ ង៉ែត ហួន ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន តែពេលថ្មីៗនេះ ស្រាប់តែមានលេចមុខជនទី៣ម្នាក់ទៀត ឈ្មោះ ខន មកប្រាប់ពួកគាត់ថា ឲ្យរុះរើផ្ទះចេញ ព្រោះដីនេះគេបានទិញជាយូមកហើយ ធ្វើឲ្យក្រុមលោក លេន ឌី កើតទុក្ខមិនសុខចិត្តលើកគ្នាតវ៉ា ព្រោះសំអាងថា ខ្លួនបានរស់នៅអាស្រ័យផលជាក់ស្តែង បន្តពីលោកតា មិនដែលមានបញ្ហាអ្វីឡើយ ហើយក៏មិនដែលឃើញមុខលោក ខន ដែរ។

ក្រោយមានការតវ៉ាបែបនេះ លោក ឆាយ សុខន ដែលគេស្គាល់ថាជាអតីតមន្ត្រីរាជការចូលនិវត្ស ដែលជាគូរទំនាស់ជាមួយលោក លេន ឌី មិនអាចសុំការបំភ្លឺបាននោះទេ ប៉ុន្តែមានតំណាងរបស់លោកមួយរូប ដែលមិនបានប្រាប់ពីឈ្មោះ និងតួនាទី បានផ្តល់ឯកសារមួយសន្លឹក មកឲ្យអង្គភាពសារព័ត៌មានរបស់យើង ហើយបានរៀបរាប់ថា ដីខាងលើគឺលោក ឆាយ សុខន បានទិញពីលោកតា ង៉ែត ហួន និង លេន ឌី តាំងពីយូមកហើយ ក្នុងតម្លៃ១៥០០$ ដោយគ្រានោះប្រគល់សាច់ប្រាក់តាមរយៈលោក កើន សារុំ ដែលជាមន្ត្រីនគរបាលខេត្តកែប មកដល់ពេលបច្ចុប្បន្ន បែរជាបុគ្គលឈ្មោះ លេន ឌី មិនព្រមចុះចេញ។

ជាមួយគ្នានេះ លោកតា ង៉ែត ហួន ដែលមានវ័យចាស់ជាង៨៨ឆ្នាំ បានទទួលស្គាល់ថា ខ្លួនពិតជាធ្លាប់បានលក់ដីកោះនោះពិតប្រាកដមែន ក៏ប៉ុន្តែគ្រានោះលោកតាមិនបានផ្តិតមេដៃធ្វើលិខិតស្នាមអ្វីទេ គឺលក់ដោយមាត់ទទេ ហើយក៏មិនបានលក់ឲ្យឈ្មោះ ឆាយ សុខន នេះដែរ គឺលក់ឲ្យឈ្មោះ មាស ឈុំ នគរបាលខេត្តកែប។

យ៉ាងណាក៏ដោយ សាច់រឿងដណ្តើមដីកោះនេះ មហាជនបានសំណូមឲ្យ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មេត្តាបើកការស្រាវជ្រាវ និងស៊ើបអង្កេត ពីបញ្ហានៃការទិញលក់ដីរដ្ឋនេះ ថាតើការទិញលក់នេះវាស្របច្បាប់កម្រិតណា ទើបធ្វើឲ្យភាគីម្ខាងៗ សំអាងយកត្រូវរៀងៗខ្លួនបែបនេះ។ ម្យ៉ាងទៀតមហាជនលើកឡើងថា ដីកោះដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ មិនគួរធ្លាក់លើដៃឯកជននោះឡើយ គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ទើបត្រឹមត្រូវជាង។ ក៏ប៉ុន្តែករណីដីកោះស្វាយ ដែលស្ថិតក្នុងក្រុងកែប ខេត្តកែបនេះ ត្រូវបានគេបង្ហើបថា មិនមែនមានត្រឹមបុគ្គល២ភាគីខាងលើនេះ ប៉ុណ្ណោះទេដែលបានដណ្តើមគ្នាកាន់កាប់ដែនកោះនេះ នៅមានបុគ្គលមានតួនាទី និងឥទ្ធិពលមួយចំនួនទៀត ដែលលាក់មុខ ក៏បានកាន់កាប់លើដីកោះនេះដូចគ្នា ហើយមានបំណងចង់កែប្រែជាកន្លែងប្រកបអាជីវកម្ម ដោយមិនឆ្លងកាត់ច្បាប់ថែមទៀត៕ រូបភាព និងអត្ថបទដោយ៖ មុនី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម