More

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង

    spot_img

     

    ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង សរុបចំនួន ៦០៤នាក់ ស្រី ៣១០នាក់ ដែលរៀបចំឡើងនៅសាលសន្និសីទមហានគរ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ។

    ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៨មក សាកលវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតចំនួនជាង២០,០០០នាក់ ដែលជាធនធានមនុស្សរបស់ជាតិក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលក្នុងនោះមាននៅក្នុងស្ថាប័នសាធារណៈ និងឯកជនប្រមាណជា៩០%ក្នុងវិស័យសំខាន់ៗដូចជា វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសំណង់ស៊ីវិលជាដើម ហើយនៅក្នុងឆ្នាំ២០២២នេះ សាកលវិទ្យាល័យមាននិស្សិតចំនួន ៤,៥៨៩នាក់ ស្រី ២,៧២២នាក់។

    ជាមួយគ្នានោះសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ដែលបានផ្ដល់កិច្ចសហការល្អជាមួយនឹងសាកលវិទ្យាល័យកន្លងមក និងសូមកោតសរសើរចំពោះគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក គ្រូបង្រៀន និងដៃគូសហប្រតិបត្តិការទាំងអស់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបណ្ដុះ បណ្ដាល និងស្រាវជ្រាវដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងសក្តានុពលភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ។

    សម្តេចក្រឡាហោម បានបន្តថា គុណភាពនៃការអប់រំបណ្តុះបណ្តាល គឺជាកត្ដាអាទិភាពសំខាន់បំផុតដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាប្ដេជ្ញាចិត្តធ្វើឱ្យបានក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព មនសិការ ក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចបំពេញការងារ បានស្របតាមតម្រូវការនៃស្ថាប័ននិយោជក ទាំងវិស័យសាធារណៈនិងវិស័យឯកជន»។

    បន្ថែមពីនេះសម្តេចមានប្រសាសន៍ណែនាំនិងផ្ដាំផ្ញើដល់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនស្របតាមផែនការសកម្មភាពដែលបានកំណត់ ដើម្បីធ្វើកំណែទម្រង់និងជំរុញការអភិវឌ្ឍសាកលវិទ្យាល័យ ព្រមទាំងបន្តណែនាំតម្រង់ទិសដល់សាកលវិទ្យាល័យជាតិបាត់ដំបង លើការងារដឹកនាំ គ្រប់គ្រង ការងារបច្ចេកទេស និងការងារធានាគុណភាពអប់រំឱ្យស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ ហើយត្រូវបន្តចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អ ដើម្បីសម្របខ្លួននៅក្នុងសង្គមពុទ្ធិ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនតាមរយៈការបង្កើនកម្រិតគុណវុឌ្ឍិ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀត។

    សម្តេចក៏បានផ្តាំផ្ញើ ណែនាំក្មួយៗនិស្សិតជ័យលាភីឱ្យបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងអភិវឌ្ឍខ្លួនជាប្រចាំ បន្តការរៀនសូត្រពេញមួយជីវិត លើជំនាញផ្សេងៗបន្ថែមទៀត ដើម្បីឱ្យមានសមត្ថភាពពេញលេញស្របតាមទីផ្សារការងារនិងការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គម ដែលជាសសរស្តម្ភយ៉ាងសំខាន់ចាំបាច់សម្រាប់ អនាគតរបស់ក្មួយៗនិងសង្គមជាតិ ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img