
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា និងចរចាថ្លៃបន្តបន្ទាប់ សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំថវិកាឥណទាន ក្រោមក្របខ័ណ្ឌថវិកាឥណទាន របស់សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សាGuangzhou Wanan Construction Supervision Co., Ltd.។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត គោលបំណងសំខាន់របស់គម្រោងគឺ ការកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែយាយីដល់រាជធានីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពល ពីរបបទឹកស្ទឹងព្រែកត្នោត ក៏ដូចជាបង្កើនអត្រាការប្រើប្រាស់ដីស្រែ ការកែលម្អលក្ខខណ្ឌដាំដុះ បង្កើនផលិតកម្មស្បៀង ទាំងនេះ សុទ្ធតែជាភាពចាំបាច់ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត អាចជួយកាត់បន្ថយទឹកជំនន់ ការពារទំហំផ្ទៃដីបានចំនួន ២៤៥ គីឡូម៉ែត្រការ៉េ ហើយមានលទ្ធភាព ស្រោចស្រពលើផ្ទៃដីស្រែ បានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំង និងបានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច