
កោះកុង÷ នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកសំឃិត វៀន អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្ម ការបំផ្លាញគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដកយកវត្ថុតាងសារធាតុញៀន ដើម្បីចូលរួមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកោះកុង ។
ក្រុមការងារនៃគណៈកម្មការ បានផ្តោតការយកចិត្តទុកដាក់ និងពិនិត្យ ផ្ទៀងផ្ទាត់ម្តងមួយៗលើ៖
– សំណុំរឿង (ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២)
– ដីកាសម្រេច សាលក្រម និងសាលដីកា។
ក្រោយពីការពិនិត្យ និងពិភាក្សាលម្អិតលើករណីខាងលើរួច គណៈកម្មការ បានឯកភាពចុះហត្ថលេខាលើកំណត់ហេតុប្រជុំ និងប្រមូលវត្ថុតាងទាំងអស់ដាក់ចូលក្នុងហិបដែក ចាក់សោរ និងចុះហត្ថលេខាលើក្រដាស់ដើម្បីបិទលើកហិបដែក ហើយយករក្សាទុកនៅសាលាដំបូងខេត្តកោះកុង។
បន្ទាប់ពីកិច្ចការខាងលើរួចរាល់ គណៈកម្មការបានចុះទៅពិនិត្យ វត្ថុតាងចំនួន ៦ហិបបន្ថែមទៀត ដែលរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។
វត្ថុតាងទាំងអស់ខាងលើ នឹងត្រូវរៀបចំពិធីដុតបំផ្លាញចោល នៅក្នុងថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកោះកុង។
សម្រាប់កាលបរិច្ឆេទ និងទីកន្លែងរៀបចំពិធីដុតបំផ្លាញចោលគ្រឿងញៀន នឹងត្រូវកំណត់នៅពេលក្រោយ ៕ ដោយ ញុឹប សន